លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅថ្ងៃពុធ (២៥ ធ្នូ) នេះ បានខកខានម្តងទៀត មិនបានបង្ហាញខ្លួនសម្រាប់ការសាកសួរតាមសំណើរបស់ក្រុមស៊ើបអង្កេត ដែលទទួលបន្ទុកលើការចោទប្រកាន់ពីបទបះបោរទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹក នៅថ្ងៃទី០៣ ខែធ្នូ របស់លោក។

ប្រធានាធិបតីរូបនេះ មិនបានទៅទីស្នាក់ការការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ - ដែលជាស្ថាប័នស៊ើបអង្កេតឯករាជ្យផ្តោតលើការចោទប្រកាន់អំពើពុករលួយដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ - នៅម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) តាមការកំណត់នោះទេ។

ការិយាល័យនិយាយថា ខ្លួននឹងរង់ចាំលោក Yoon សម្រាប់ពេលវេលាដែលនៅសល់ក្នុងថ្ងៃទី២៥ ហើយនឹងសម្រេចនៅព្រឹកថ្ងៃទី២៦ ធ្នូ ថាតើត្រូវកោះហៅលោក Yoon ម្តងទៀត ឬស្នើសុំដីកាចាប់ខ្លួន។ គួរបញ្ជាក់ថា លោក Yoon បានបដិសេធមិនព្រមអនុវត្តតាមដីកាកោះហៅសាកសួរម្ដងរួចមកហើយកាលពីថ្ងៃទី១៨ ខែធ្នូ។
លោក Yoon ភាគច្រើននៅក្រៅក្រសែភ្នែកសាធារណៈចាប់តាំងពីការប្រកាសច្បាប់អាជ្ញាសឹកមក ដោយលោកត្រូវគេសង្ស័យថាចេញបញ្ជាដែលអាចខុសច្បាប់ជាច្រើន។ របាយការណ៍នានាអះអាងថា លោកមិនបានបង្កើតក្រុមផ្លូវច្បាប់ពេញលេញមួយដើម្បីតំណាងឱ្យរូបលោកក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌនោះទេ៕