រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស បានស្នើឱ្យភាគីប្រទេសឥណ្ឌា ធ្វើបត្យាប័ននាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលត្រូវបានបណ្តេញចេញពីតំណែង។ លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង កាលពីខែសីហា បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំជាច្រើនសប្តាហ៍ ដឹកនាំដោយក្រុមនិស្សិត។

ទីប្រឹក្សាកិច្ចការបរទេសរបស់ប្រទេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សំណើធ្វើបត្យាប័ន ត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលប្រទេសឥណ្ឌា។
លោកស្រី Hasina ត្រូវបានបណ្តេញចេញពីតំណែង ខណៈបាតុកម្មជាច្រើនត្រូវបានដឹកនាំដោយនិស្សិត បានរាលដាលនៅទូទាំងប្រទេសក្នុងខែកក្កដា និងខែសីហា។ លោកស្រី បានចាកចេញទៅកាន់ប្រទេសឥណ្ឌា ជាប្រទេសដែលលោកស្រី មានទំនាក់ទំនងជិតស្និទ្ធ។
តុលាការក្នុងប្រទេសបង់ក្លាដែស បានចេញដីកាចាប់ខ្លួនអតីតមេដឹកនាំរូបនេះ។ លោកស្រី ត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការបង្រ្កាបដ៏បង្ហូរឈាមលើបាតុករ បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសច្រើន។
ប្រទេសបង់ក្លាដែស មានសន្ធិសញ្ញាធ្វើបត្យាប័នជាមួយប្រទេសឥណ្ឌា ប៉ុន្តែវានៅមិនទាន់ច្បាស់នោះទេ ថាតើទីក្រុងញូវឌេលី នឹងយល់ព្រមចំពោះសំណើនេះ ឬយ៉ាងណា។
កាលពីពេលថ្មីៗនេះ ប្រទេសជិតខាងទាំងពីរ មានជម្លោះជាមួយគ្នាចាប់តាំងពីប្រទេសឥណ្ឌា បានរិះគន់អំពីឧប្បត្តិហេតុហិង្សាជាបន្តបន្ទាប់ ដែលនិយាយសំដៅទៅលើជនជាតិភាគតិចហិណ្ឌូនៅក្នុងប្រទេសបង់ក្លាដែស។ ប៉ុន្តែទីក្រុង Dhaka បានបដិសេធ ការចោទប្រកាន់នេះ។
សន្ធិសញ្ញាទ្វេភាគី អនុញ្ញាតឱ្យសំណើធ្វើបត្យាប័នត្រូវបានបដិសេធ ប្រសិនបើបទល្មើសមានលក្ខណៈនយោបាយ។