ប្រទេសចិន នៅថ្ងៃពុធ (២៥ ធ្នូ) នេះបានថ្កោលទោសការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន អំពីទីក្រុងប៉េកាំង ដោយហៅការលើកឡើងទាំងនោះថាជា "ការចោទប្រកាន់គ្មានមូលដ្ឋាន" ដែល "វាយប្រហារបែបព្យាបាទ" ដល់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានរាយការណ៍ថា ប្រមុខការពារជាតិ លោក Gilberto Teodoro បានលើកឡើងកាលពីថ្ងៃអង្គារថា ហ្វីលីពីនមានសិទ្ធិអនុញ្ញាតឱ្យដាក់ពង្រាយប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស បើទោះបីជាចិន នៅតែបន្តការប្រឆាំងក៏ដោយ។

ស្ថានទូតចិននៅទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកឡើងរបស់ Teodoro នេះគឺ "ពោរពេញដោយភាពលម្អៀងខាងមនោគមវិជ្ជា ការប្រឈមមុខដាក់គ្នា និងគំនិតនៃសង្រ្គាមត្រជាក់" ដោយជំរុញឱ្យទីក្រុងម៉ានីល ដកចេញយ៉ាងឆាប់រហ័សនូវការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon រយៈចម្ងាយមធ្យមរបស់អាមេរិក។

ស្ថានទូតហ្វីលីពីនប្រចាំនៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ លោក Teodoro និយាយថា លោកកំពុងឆ្លើយតបទៅនឹងការជំទាស់របស់អ្នកនាំពាក្យរដ្ឋាភិបាលចិន ជុំវិញការដាក់ពង្រាយមីស៊ីលនេះ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន៕