ក្រុមឃ្លាំមើលភាពអត់ឃ្លានសកល បាននិយាយកាលពីថ្ងៃអង្គារ (២៤ ធ្នូ) ថា គ្រោះទុរ្ភិក្សកំពុងរីករាលដាលនៅក្នុងប្រទេសស៊ូដង់ ដោយសារតែសង្រ្គាមរវាងយោធា និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ដែលបានបំផ្លិចបំផ្លាញប្រទេស និងបង្កើតវិបត្តិភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោក។

អង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួម ឬហៅថា IPC និយាយថា ខ្លួនបានរកឃើញទុរ្ភិក្សនៅក្នុងតំបន់ចំនួន៥ រួមទាំងនៅក្នុងជំរំភៀសខ្លួនដ៏ធំបំផុតរបស់ស៊ូដង់ គឺ ហ្សាមហ្សាម (Zamzam) ក្នុងខេត្ត ណសដាហ្វឺ (North Darfur) ជាទីដែលគ្រោះទុរ្ភិក្សត្រូវបានរកឃើញជាលើកដំបូងនៅក្នុងខែសីហា។

របាយការណ៍បន្តថា សង្គ្រាមបានបន្ថែម និងពង្រីកភាពអត់ឃ្លាន និងបង្កឱ្យមានការភៀសខ្លួនដ៏ច្រើនមិនធ្លាប់មាន និងការដួលរលំសេដ្ឋកិច្ច ហើយអរិភាពអាចជាហេតុបណ្តាលឱ្យកសិករបោះបង់ចោលដំណាំ ងាកទៅរកការលួចប្លន់ និងការបំផ្លាញឃ្លាំងស្តុកស្បៀង។ តំបន់ចំនួន ៥ផ្សេងទៀតនៅ North Darfur ត្រូវបានព្យាករ "ជាមួយនឹងភស្តុតាងសមហេតុផល" ថាអាចជួបប្រទះគ្រោះទុរ្ភិក្សក្នុងរយៈពេល ៦ខែខាងមុខនេះ។
ការស្រេកឃ្លានដ៏រីករាលដាលបានកើតឡើងទូទាំងស៊ូសង់ដែលហែកហួរដោយជម្លោះ ខណៈអាហារនៅតាមទីផ្សារខ្វះខាត និងតម្លៃខ្ពស់។ ក្រុមជំនួយនិយាយថា ពួកគេលំបាកក្នុងការទៅដល់អ្នកងាយរងគ្រោះបំផុត ដោយសារភាគីសង្រ្គាមដាក់កំហិតការចូលទៅតំបន់នានា ជាពិសេសនៅក្នុងខេត្ត North Darfur៕