បាល់ទាត់៖ ខ្សែប្រយុទ្ធ Barcelona, Sergio Aguero ត្រូវសម្រាកយ៉ាងហោចណាស់ ៣ខែទៀតដោយសារតែបញ្ហាបេះដូងកាលពីថ្ងៃសៅរ៍។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះមានអារម្មណ៍វិលមុខ និងចុកទ្រូងអំឡុងការប្រកួតឱ្យ Barcelona ទល់នឹង Alaves កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។

អតីតខ្សែប្រយុទ្ធ Manchester City រូបនេះបានទទួលការសង្គ្រោះបឋមនៅលើទីលានមួយសន្ទុះ មុននឹងត្រូវបានដឹកទៅមន្ទីរពេទ្យ។ ថ្វីបើ Aguero នៅពេលនេះសភាពប្រក្រតីតែជំងឺនេះត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ និងមិនអាចឱ្យធ្វើការងារធ្ងន់បានឡើយក្នុងរយៈពេល ៣ខែទៅមុខ។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះទើបតែបានចូលលេង ១១នាក់ដំបូងពីរប្រកួតប៉ុណ្ណោះឱ្យ Barcelona តាំងពីចាកចេញពី Manchester City។ Sergio Aguero បានចុះហត្ថលេខាលេងឱ្យ Barcelona ២ឆ្នាំបន្ទាប់ពីចំណាយពេល ១០ឆ្នាំនៅ Manchester City និងបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតរបស់ Manchester City សរុប ២៦០គ្រាប់ក្នុងការបង្ហាញខ្លួន ៣៩០ប្រកួត៕
អត្ថបទ៖នាង សុភាវុធ