កងកម្លាំងគាំទ្ររដ្ឋាភិបាលរបស់ប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃអង្គារថា យុទ្ធជនហ៊ួទីចំនួន ៨នាក់ត្រូវបានសម្លាប់ និង ១៥នាក់ផ្សេងទៀត បានរងរបួស ក្នុងអំឡុងពេលការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាដែលបានកើតឡើង នៅក្នុងខេត្ត Taiz ភាគនិរតីនៃប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កងកម្លាំងគាំទ្ររដ្ឋាភិបាល បាននិយាយថា ក្រុមហ៊ួទី បានចាប់ផ្តើម «ការវាយលុកបរាជ័យ» នៅក្នុង«ការប៉ុនប៉ងរំលោភលើទីតាំងយោធាដែលត្រូវបានការពារយ៉ាងរឹងមាំ»គ្រប់គ្រងដោយរដ្ឋាភិបាល នៅភាគពាយ័ព្យនៃទីក្រុង Taiz ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងទៅនេះ។
សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានបញ្ជាក់ថា បានឃើញក្រុមគ្រូពេទ្យហ៊ួទី ជម្លៀសអ្នករងរបួសចេញពីសមរភូមិ ហើយបញ្ជូនពួកគេ ទៅកាន់មន្ទីរពេទ្យនៅខាងក្រៅទីក្រុងTaiz។
ពួកគេក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ួទី បានបញ្ជូនកងកម្លាំងបន្ថែមជាច្រើនពីខេត្តជិតខាង រួមទាំង ខេត្ត Ibb ដើម្បីជំរុញប្រតិបត្តិការវាយលុកប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល នៅទីក្រុងTaiz។
ក្រុមហ៊ួទី មិនបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយទាក់ទងនឹងការប៉ះទង្គិចគ្នា ដែលកំពុងបន្តនៅក្នុងទីក្រុងTaizទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រក្រុមហ៊ួទី បានចោទប្រកាន់កងកម្លាំងគាំទ្ររដ្ឋាភិ បាលថា«បានចងសម្ព័ន្ធជាមួយមហាអំណាចបរទេស ដែលរួមមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល» នៅក្នុងយុទ្ធនាការដ៏ទូលំទូលាយប្រឆាំងនឹងប្រទេសយេម៉ែន។