សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ(IFJ) បានថ្កោលទោសការសម្លាប់អ្នកសារព័ត៌មានស៊ូដង់អ្នកស្រី Hanan Adam ដោយកងកម្លាំងគាំទ្ររហ័ស (RSF) ដោយបានពណ៌នាថា ការសម្លាប់នេះ គឺជាឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង។
ក្រុមសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ បានអំពាវនាវឲ្យមានចំណាត់ការជាបន្ទាន់ ដើម្បីដោះស្រាយបរិយាកាសនៃការភ័យខ្លាចដែលកំពុងកើនឡើង និងអំពើហិង្សាលើអ្នកកាសែត នៅក្នុងប្រទេសស៊ូដង់។
អ្នកស្រី Adam ដែលធ្វើការឲ្យក្រសួងវប្បធម៌ និងព័ត៌មាន ក្នុងរដ្ឋជេហ្ស៊ីរ៉ា (Gezira) និងជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន Al-Maidan ដែលជាកាសែតរបស់បក្សកុម្មុយនីស្តស៊ូដង់ ត្រូវបានសម្លាប់ជាមួយបងប្រុសរបស់អ្នកស្រី ឈ្មោះ Youssef Adam អំឡុងពេលវាយប្រហាររបស់ RSF លើផ្ទះរបស់ពួកគេ នៅក្នុងទីក្រុង Wad Al –Asha កាលពីថ្ងៃទី ០៨ ខែធ្នូ។
អគ្គលេខាធិការ សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ(IFJ) លោក Anthony Bellanger បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា៖«យើងកាន់ទុក្ខចំពោះការបាត់បង់សហការីរបស់យើង គឺអ្នកស្រី Hanan Adam និងបងប្រុសរបស់ខ្លួន លោក Youssef ហើយសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងចំពោះគ្រួសាររបស់ពួកគេ។
«សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ(IFJ) អំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់ បើកការស៊ើបអង្កេត និងចាត់វិធានការជាក់ស្តែង ដើម្បីបញ្ចប់បរិយាកាសនៃការភ័យខ្លាច និងអំពើហិង្សា ដែលអ្នកសារព័ត៌មាន បានស៊ូទ្រាំ នៅក្នុងប្រទេសនេះ»។