កងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃើដ ((SDF)) បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានបើកការវាយលុកប្រឆាំងនឹងកងទ័ពជាតិស៊ីរី (SNA)ដែលគាំទ្រដោយទីក្រុងអង់ការ៉ា ដើម្បីដណ្តើមយកមកវិញនូវតំបន់នៅជិតព្រំដែនភាគខាងជើងនៃប្រទេសស៊ីរីជាមួយទួរគី។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយឃើដ (SDF) គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងប្រទេសស៊ីរី ដោយផ្តោតលើក្រុមភ្នាក់ងារសម្ងាត់ របស់ក្រុមរដ្ឋឥស្លាមដេស ( Daesh) ជ្រុលនិយមដែលនៅពាសពេញភាគខាងកើតរបស់ប្រទេសនេះ។
ចាប់តាំងពីការដួលរលំនៃការគ្រប់គ្រងអំណាចផ្តាច់ការរបស់លោក បាសា អាល់អាសាដ( Bashar Assad) នៅដើមខែនេះ ការប៉ះទង្គិច បានកាន់តែខ្លាំងឡើងរវាងក្រុមដែលគាំទ្រដោយសហរដ្ឋអាមេរិក និង កងទ័ពជាតិស៊ីរី (SNA) ដែលបានកាន់កាប់ទីក្រុងសំខាន់ Manbij និងតំបន់ជុំវិញនោះ។
ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារយៈពេលជាច្រើនសប្តាហ៍ បានកើតឡើង នៅពេលដែលប្រទេសស៊ីរីដែលរងទុក្ខវេទនាដោយសង្រ្គាម និងវិបត្តិសេដ្ឋកិច្ច ជាងមួយទសវត្សរ៍ ចរចាអនាគតនយោបាយរបស់ខ្លួន បន្ទាប់ពីពាក់កណ្តាលសតវត្សរ៍ ក្រោមការគ្រប់គ្រងរបស់គ្រួសារលោក អាសាដ។