ទីក្រុងបេថ្លេហិម (Bethlehem) ក្នុងដែនដីកាប់កាប់ប៉ាឡេស្ទីន បានប្រារព្ធពិធីមុនបុណ្យណូអែលយ៉ាងស្រងូតស្រងាត់មួយលើកទៀត កាលពីថ្ងៃអង្គារ (ទី២៤ ខែធ្នូ) នៅឯទីកន្លែងប្រសូតិប្រពៃណីរបស់ព្រះយេស៊ូ ដោយការរៀបចំនេះ ត្រូវបានធ្វើឡើងក្រោមស្រមោលនៃសង្រ្គាម នៅតំបន់ហ្កាហ្សា។
សំឡេងអបអរពេញដោយអារម្មណ៍រីករាយ ដែលជាធម្មតាលាន់ឮឡើងយ៉ាងកងរំពងនៅតំបន់ West Bank ក្នុងអំឡុងសប្តាហ៍បុណ្យណូអែល ឥឡូវនេះ មិនមានកន្លែងណាដែលមានបរិយាកាសបែបនេះឡើយ។ ភ្លើងពិធីបុណ្យ និងដើមឈើយក្ស ដែលតែងតែលម្អទីលាន Manger Square បានបាត់ខ្លួនពីទីនោះ មិនខុសពីភ្ញៀវទេសចរបរទេសដែលធ្លាប់តែកុះករ ក៏មិនមានវត្តមានដែរ។ ក្រុមកាយរិទ្ធប៉ាឡេស្ទីនបានដើរដង្ហែក្បួនយ៉ាងស្ងៀមស្ងាត់តាមដងផ្លូវ។ កងកម្លាំងសន្តិសុខបានរៀបចំរនាំងនៅជិតព្រះវិហារនៃទីកន្លែងកំណើត ដោយបានសាងសង់នៅលើទីកំពូល ជាកន្លែងដែលគេជឿថា ព្រះយេស៊ូបានប្រសូត នៅទីនោះ។
ការលុបចោលពិធីបុណ្យណូអែល គឺជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ទីក្រុងនេះ។ វិស័យទេសចរណ៍មានចំនួន ៧០ភាគរយនៃប្រាក់ចំណូលរបស់ទីក្រុងបេថ្លេហិម ដែលស្ទើរតែទាំងអស់បានមកពីរដូវបុណ្យណូអែល។ អ្នកនាំពាក្យក្រសួងទេសចរណ៍ប៉ាឡេស្ទីន លោក Jiries Qumsiyeh បាននិយាយថា ចំនួនអ្នកទេសចរទៅកាន់ទីក្រុងបេថ្លេហិម បានធ្លាក់ចុះពីកម្រិតខ្ពស់មុនកូវីដ គឺប្រហែល ២លាននាក់ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៩ រហូតដល់តិចជាង ១០០.០០០នាក់ ក្នុងឆ្នាំ២០២៤។ ចាប់តាំងពីការវាយប្រហារបង្ហូរឈាមរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឲ្យមានសង្រ្គាមរហូតដល់ពេលនេះ ការចូលទៅកាន់ និងចេញពីទីក្រុងបេថ្លេហិម និងទីក្រុងផ្សេងទៀត នៅតំបន់ West Bank ត្រូវបានកំណត់។
វិហារ Notre Dame ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានប្រារព្ធពិធីមុនបុណ្យណូអែល ជាលើកដំបូង គិតចាប់តាំងពីមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បានលេបត្របាក់ទីកន្លែងនិមិត្តរូបមជ្ឈិមសម័យ ក្នុងឆ្នាំ២០១៩។ នៅទីក្រុង Saydnaya ប្រទេសស៊ីរី ហ្វូងមនុស្សដ៏ច្រើនបានប្រមូលផ្តុំគ្នា នៅជិតវិហារប្រវត្តិសាស្ត្រមួយ នៅថ្ងៃមុនបុណ្យណូអែល ដើម្បីបានមើលឃើញនូវពន្លឺនៃដើមឈើដ៏ខ្ពស់មួយ ដែលតុបតែងដោយភ្លើងពណ៌បៃតងដ៏ភ្លឺចិញ្ចាច។ ការប្រារព្ធពិធីនេះបានផ្តល់នូវភាពសប្បាយរីករាយដ៏កម្រមួយ នៅក្នុងទីក្រុងមួយដែលមានស្លាកស្នាម ដោយសង្រ្គាមជាងមួយទសវត្សរ៍ និងពន្ធនាគារដ៏អាក្រក់របស់ទីក្រុងនេះ ជាកន្លែងដែលមនុស្សរាប់ម៉ឺននាក់ ត្រូវបានឃុំខ្លួន។
ក្រៅពីទីក្រុង នៅក្នុងដែនដី ដែលកំពុងមានសង្រ្គាម ទីក្រុងផ្សេងៗ នៅជុំវិញពិភពលោក ក៏បានរៀបចំពិធីមុនបុណ្យណូអែលនេះដែរ តែយ៉ាងណាក្ដី បរិយាកាសរីករាយ អាចនឹងមិនដូចមុននោះឡើយ ទោះបីជាទីក្រុងទាំងនោះ មិនកើតសង្គ្រាមក៏ដោយ ព្រោះថា ផលប៉ះពាល់នៃជម្លោះ មិនមែនជះឥទ្ធិពលលើទីកន្លែងដែលកំពុងមានតែប៉ុណ្ណោះទេ៕