អនុប្រធានកងទ័ពការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី លោកឧត្តមសេនីយ៍ឯក Aleksey Rtishchev បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ឯកសារដែលបានទៅដល់ក្រសួងការពារជាតិ រុស្ស៊ី បង្ហាញថា សហរដ្ឋអាមេរិក កំពុងបង្កើនវត្តមានសង្គ្រាមជីវសាស្រ្តរបស់ខ្លួន នៅលើទឹកដីទ្វីបអាហ្រ្វិក។
មន្ត្រីការពារជាតិរូបនេះ បាននិយាយថា៖«ឯកសារដែលយើងទទួលបាននេះ បញ្ជាក់ថា វត្តមានសង្គ្រាម ជីវសាស្ត្ររបស់សហរដ្ឋអាមេរិក នៅទ្វីបអាហ្រ្វិក កំពុងកើនឡើង ក្នុងល្បឿនយ៉ាងលឿន។ វិទ្យាស្ថានស្រាវជ្រាវនៃក្រសួងការពារជាតិអាមេរិក ធ្វើការយ៉ាងសកម្ម នៅក្នុងតំបន់នេះ»។
លោកឧត្តមសេនីយ៍រុស្ស៊ី ក៏បាននិយាយថា ជាឧទាហរណ៍ សាខានៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាកងទ័ពជើងទឹកជាតិអាមេរិក ឈរជើង នៅក្នុងប្រទេសហ្គាណា និងជីប៊ូទី ជាកន្លែងដែលការងារសកម្ម ត្រូវបានធ្វើឡើង នៅក្នុងលក្ខណៈបង្កជំងឺធម្មជាតិ មានភាពដាច់ដោយឡែកពីគេ និងបង្កើតភ្នាក់ងារបង្កជំងឺជាបន្តបន្ទាប់។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធារបស់កងទ័ពសហរដ្ឋអាមេរិក នៅប្រទេសកេនយ៉ា បានដាក់ពង្រាយ បណ្តាញស្ថានីយប្រចាំតំបន់ ដើម្បីតាមដានការរីករាលដាលនៃជំងឺឆ្លង នៅក្នុងទ្វីបអាហ្វ្រិកអេក្វាទ័រ។ លោកបាននិយាយថា នៅក្នុងប្រទេសនីហ្សេរីយ៉ា មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តរួម និងមន្ទីរពិសោធន៍វេជ្ជសាស្រ្តយោធានៃកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋនេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០២៤ ដោយមានអ្នកឯកទេសចំនួន ១០នាក់ មកពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ជាបុគ្គលិកអចិន្ត្រៃយ៍។