នៅថ្ងៃពុធនេះ គ្រិស្តសាសនិកស៊ីរី បានចូលរួមពិធីជួបជុំគ្នាថ្ងៃបុណ្យណូអែលនៅក្នុងព្រះវិហារ Lady of Damascus Church ស្ថិតក្នុងចំណោមព្រះវិហារមានវ័យជំនះបំផុតរបស់ស៊ីរី គឺជាការប្រារព្ធកម្មវិធីលើកដំបូង ចាប់តាំងពីការដួលរលំទៅរបស់លោក Bashar al-Assad ស្របពេលមានក្តីកង្វល់ពីសុវត្ថិភាព បើទោះបីជាក្រុមមេដឹកនាំអ៊ិស្លាមថ្មីរបស់ប្រទេសមួយនេះ សន្យាការពារសិទ្ធិសេរីភាពរបស់ជនជាតិភាគតិចសាសនាក៏ដោយ ។
កម្មវិធីពេលព្រឹកបានដំណើរការទៅយ៉ាងរលូន ដោយមានចម្រៀងលើកតម្កើនព្រះជាម្ចាស់ ។
មេដឹកនាំតាមព្រឹត្តន័យស៊ីរីលោក Ahmed al-Sharaa បាននិយាយប្រាប់គ្រិស្តសាសនិកថា ពួកគេនឹងមានសុវត្ថិភាពនៅក្នុងប្រទេសស៊ីរីដែលគ្រប់គ្រងដោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) របស់លោក ដែលជាអតីតសម្ព័ន្ធរបស់ក្រុមអាល់កៃដា ។
ទោះបីជាយ៉ាងណាក៏ដោយ ឧបទ្ទេវហេតុកាលពីពេលថ្មីៗកន្លងមកនេះ នៅទូទាំងប្រទេស បានធ្វើឲ្យជនជាតិភាគតិចគ្រិស្ត មានមន្ទិលសង្ស័យចំពោះសេចក្តីថ្លែងការណ៍របស់លោក al-Sharaa ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមគ្រិស្តសាសនិករាប់រយនាក់ បានជួបជុំគ្នាក្នុងទីក្រុងដាម៉ាស់ ដើម្បីតវ៉ានឹងការដុតបំផ្លាញដើមណូអែលនៅសង្កាត់ al-Suqaylabiyah ស្ថិតក្នុងតំបន់ជនបទនៃទីក្រុងហាម៉ា ។
ដោយកាន់ឈើឆ្កាង ក្រុមបាតុកម្មនាំគ្នាស្រែកពាក្យស្លោកជាភាសាអារ៉ាប់ដែលមានន័យថា “ពួកយើងគឺជាទាហានរបស់ព្រះយេស៊ូគ្រិស្ត” និង “ជាមួយនឹងឈាម និងព្រលឹង ពួកយើងពលីដើម្បីព្រះយេស៊ូគ្រិស្ត” ។
ដោយឡែក កាលពីថ្ងៃទី ១៨ ខែធ្នូកន្លងទៅ ក្រុមខ្មាន់កាំភ្លើងគ្មានអត្តសញ្ញាណ បានបាញ់រះលើព្រះវិហារគ្រិស្តអូស្សូដក់ក្រិក នៅទីក្រុងហាម៉ា ដោយពួកគេនាំគ្នាសម្រុកចូលបរិវេនព្រះវិហារ ដោយមានចេតនាបំផ្លិចបំផ្លាញព្រះវិហារមួយនេះទាំងស្រុង ៕