តុលាការហូឡង់ កាលពីថ្ងៃអង្គារ (ទី២៤ ខែធ្នូ) បានរកឃើញថា មនុស្ស ៥នាក់មានទោសពីបទបង្កអំពើហិង្សាសាធារណៈ ឬការញុះញង់ឲ្យមានអំពើហិង្សាសាធារណៈ ជាសាលក្រមដំបូងទាក់ទងនឹងការវាយដំ កាលពីខែវិច្ឆិកា លើអ្នកគាំទ្របាល់ទាត់អ៊ីស្រាអែល ជុំវិញការប្រកួតនៅទីក្រុងអាំស្ទែរដាំ (Amsterdam) រវាងក្រុមរបស់អ៊ីស្រាអែល និងក្រុមរបស់ហូឡង់។
គួររំលឹកថា អំពើហិង្សានោះបានកើតឡើងកាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា នៅពេលដែលអ្នកគាំទ្រក្រុម Maccabi Tel Aviv របស់អ៊ីស្រាអែល បានប្រឈមមុខនឹងការវាយដំជាបន្តបន្ទាប់របស់ក្រុមអ្នកប្រឆាំងជនជាតិជ្វីហ្វនិយម នៅក្នុងរដ្ឋធានីរបស់ប្រទេសហូឡង់ ជាអ្វីដែលជារឿយៗអាជ្ញាធរបានពិពណ៌នាថា ជាការវាយប្រហាររួចហើយគេចខ្លួនបាត់ តាមកង់ និងដោយថ្មើរជើង។
មុនដល់ពេលប្រកួតទល់នឹងក្រុមនៅទីក្រុង Amsterdam គឺក្រុម Ajax អ្នកគាំទ្រក្រុមទៅពីអ៊ីស្រាអែល បានលួច និងដុតទង់ជាតិប៉ាឡេស្ទីន ខណៈអ្នកខ្លះទៀតស្រែកជេរប្រមាថដោយប្រើពាក្យប្រៀបធៀបរើសអើងជាតិសាសន៍ និងវាយប្រហាររថយន្តតាក់ស៊ី។
ជាមួយគ្នានេះ ជនជាប់ចោទ ៤នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ១ខែ ទៅ ៦ខែ ទោះបីជាបុគ្គលដែលត្រូវបានរកឃើញថា មានទោសស្រដៀងគ្នានេះ ជាធម្មតាត្រូវបានកាត់ទោសឲ្យធ្វើកិច្ចការបម្រើសហគមន៍ក៏ដោយ។ លោកចៅក្រមបានប្រាប់ថា៖ «ក្នុងបរិបទនេះមានតែការកាត់ទោសដាក់ពន្ធនាគារប៉ុណ្ណោះ ទើបសមស្រប»។
តុលាការ បានឲ្យដឹងថា ជនជាប់ចោទមួយចំនួន គឺជាផ្នែកនៃក្រុមមនុស្សនៃកម្មវិធី WhatsApp ដែលមានសមាជិក ៩០០នាក់ ឈ្មោះ «Community Center II» ដែលក្នុងនោះពួកគេបានពិភាក្សាគ្នាអំពីការវាយប្រហារ ក៏ដូចជាចែករំលែកទីតាំង និងព័ត៌មានហោះហើររបស់អ្នកគាំទ្រអ៊ីស្រាអែលមួយចំនួន។
គួរបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងអំពើហិង្សានោះ នគរបាល នៅទីក្រុង Amsterdam បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៦២នាក់ ក្នុងនោះរួមទាំង ១០នាក់ដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ៕