ភ្នំពេញ ៖រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានដាក់ឱ្យដំណើរការឡើងវិញ លើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ពីថ្ងៃទី២វិច្ឆិកា នេះតទៅ ដោយយោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ការដំណើរការឡើងវិញនេះ គឺជាការសាកល្បងរយៈពេលមួយសប្ដាហ៍។
អ្នកដំណើរដែលជ្រើសយកសេវាសាធារណៈរថយន្តក្រុង នៅថ្ងៃចាប់ផ្ដើមដំបូងឡើងវិញនាថ្ងៃនេះ បានយល់ឃើញថា ការដំណើរការការដឹកជញ្ជូនសាធារណៈឡើងវិញនេះ គឺល្អប្រសើរ ប៉ុន្តែយើងក៏ត្រូវការពារដែរកុំឱ្យមានការឆ្លងរាលដាលជាថ្មីនូវជំងឺកូវីដ១៩។
ជាមួយនឹងដំណើរការឡើងវិញសេវាដឹកជញ្ជូនសាធារណៈនេះលក្ខខ័ណ្ឌ នៃការជិះរថយន្តក្រុង និងកាណូត ចំពោះអ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ពាក់ម៉ាស លាងដៃ និងអាល់កុល វ៉ាស់កម្ដៅ ស្កេន QR-Code និងអង្គុយតាមកៅអី ដែលបានរៀបចំរក្សាគម្លាត។
ការដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូន សាធារណៈរថយន្តក្រុង និងកាណូតឡើងវិញនេះ គឺចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានខ្សែរត់ដូចជា ខ្សែទី១ ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ។ ខ្សែទី២ ចេញពីស្ថានីយចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។
ខ្សែទី៣ ចេញពីស្ថានីយចំណតរថយន្តក្រុង សួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ ខ្សែទី៤A ចេញពីស្ថានីយចំណតរថយន្តក្រុង សួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី និងខ្សែទី៤B ចេញពីស្ថានីយចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។ ចំពោះ កាណូត គឺចេញពីស្ថានីយ ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ។
ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតាចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែក៏លើកលែងមិនគិតថ្លៃសេវាចំពោះព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន៕



