គ្រិស្តសាសនិកជម្លៀសខ្លួននៅក្នុងតំបន់ហ្កាហ្សា នាំគ្នាប្រារព្ធពិធីបុណ្យណូអែលក្នុងទឹកមុខស្រពាប់ស្រពោននៅបរិវេនព្រះវិហារគ្រួសារបរិសុទ្ធ ជាទីដែលពួកគេស្វែងរកទីជម្រក ស្របពេលជម្លោះនៅបន្តរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
ព្រះវិហារមួយនេះដែលជាព្រះវិហារកាតូលិកមួយគត់នៅក្នុងតំបន់ហ្កាហ្សា បានក្លាយជាទីជម្រកបណ្តោះអាសន្នសម្រាប់មនុស្សជម្លៀសខ្លួន ដោយបរិវេនព្រះវិហារពោពេញដោយរបស់របរ និងសំពត់តង់បណ្តោះអាសន្ន ។
សម្រាប់ឆ្នាំទី ២ជាប់ៗគ្នា គ្រិស្តសាសនិកដូចជាអ្នកស្រី Najlaa និងលោក Maher Tarzy បានបង្ខំចិត្តប្រារព្ធថ្ងៃប្រសូត្ររបស់ព្រះយេស៊ូគ្រិស្ត ស្របពេលកើតមានសង្រ្គាមដ៏ខ្ទេចខ្ទាំ ។
អ្នកស្រី Najlaa និយាយថា ពួកយើងពុំសប្បាយចិត្តនោះទេ មាននូវទុក្ករបុគ្គលច្រើនណាស់ ហើយគ្រួសារនិមួយៗ សុទ្ធតែបានបាត់បង់សមាជិករបស់ខ្លួន ។

សាច់ញាតិរបស់អ្នកស្រី Najlaa គឺលោក Maher បានចែករំលែកបទពិសោធន៍ផងដែរ ពេលដែលលោកជម្លៀសខ្លួនចេញពីផ្ទះនៅអគារ Dabeet ស្ថិតក្នុងទីក្រុងហ្កាហ្សា ក្រោយពេលវាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ។
លោក Maher និយាយថា នេះគឺជាថ្ងៃបុណ្យណូអែលលើកទី ២ ដែលពួកយើងបានជួបប្រទះ ខណៈពេលជម្លៀសខ្លួនមកជ្រកកោននៅក្នុងព្រះវិហារ ។ ពួកយើងបានស្នាក់នៅទីនេះអស់រយៈពេលជិត ១ឆ្នាំ ២ខែមកហើយ ។
សហគមន៍គ្រិស្តមានចំនួនតិចតួចប៉ុណ្ណោះនៅក្នុងតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ចាប់តាំងពីឆ្នាំ ២០០៦ រហូតមក ។ តំបន់ហ្កាហ្សា មានគ្រិស្តសាសនិកប្រហែល ១ពាន់ ដែលភាគច្រើននៃពួកគេគឺជាគ្រិស្តសាសនិកអូហ្សូដក់ក្រិក ៕

