អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ អ្នកស្រី Fatemeh Mohajerani បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់ និងស៊ីរីកំពុងធ្វើការពិភាក្សាផែ្នកការទូតអំពីការបើកស្ថានទូតរបស់ពួកគេឡើងវិញ នៅទីក្រុងដាម៉ាស និងទីក្រុង តេអេរ៉ង់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានឲ្យដឹងថា៖«យើងកំពុងរៀបចំការពិគ្រោះយោបល់ផ្នែកការទូត ដើម្បីបើកស្ថានទូតនៃប្រទេសទាំងពីរ ឡើងវិញ»។
អ្នកស្រី Mohajerani បាននិយាយថា ប្រទេសអ៊ីរ៉ង់ បានបន្តវិធីសាស្រ្តការទូតឆ្ពោះទៅរកការបើកស្ថានទូតឡើងវិញ នៅក្នុងរដ្ឋធានីទាំងពីរ ដោយបន្ថែមថា ភាគីទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចការនេះ។
អ្នកស្រី បានថ្លែងថា អ៊ីរ៉ង់សង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបង្កើតរដ្ឋាភិបាលស៊ីរី ដោយផ្អែកលើការបោះឆ្នោតរបស់ប្រជាជន និងសម្រាប់ការការពារបូរណភាពទឹកដីរបស់ប្រទេសអារ៉ាប់នេះ។
អ្នកស្រី Mohajerani ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការទប់ស្កាត់កំណើន និងការរីករាលដាលនៃអំពើភេរវកម្ម ដើម្បីបញ្ចៀសគ្រោះថ្នាក់ណាមួយ ដល់ប្រទេសស៊ីរី និងរដ្ឋជិតខាង។
នៅក្នុងការអត្ថាធិប្បាយកាលពីថ្ងៃទី ១៧ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយថា ការបើកស្ថានទូតរបស់ប្រទេសនេះឡើងវិញ នៅក្នុងប្រទេសស៊ីរី គឺស្ថិតក្នុងរបៀបវារៈ។

