ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃពុធ (ទី២៥ ខែធ្នូ) នេះ បានថ្កោលទោសការវាយប្រហារ «អមនុស្សធម៌» របស់រុស្ស៊ី ដែលបានបាញ់មីស៊ីល និងយានដ្រូនរាប់សិបគ្រឿង លើបណ្តាញថាមពលរបស់ប្រទេសដែលហែកហួរដោយសង្រ្គាម នៅថ្ងៃបុណ្យណូអែល។
នៅវេលាម៉ោង ៥:៣០ព្រឹក (ម៉ោងក្នុងស្រុក) ប្រជាជននៃប្រទេសនេះ បានភ្ញាក់ពីដំណេកមកជួបនឹងការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស ពោលគឺភ្លាមៗបន្ទាប់ពីមានសេចក្តីរាយការណ៍ពីកងកម្លាំងអាកាស ដែលថា រុស្ស៊ីបានបាញ់មីស៊ីលតម្រង់គោលដៅ Kalibr ចេញពីសមុទ្រខ្មៅ។

លោក Zelensky បាននិយាយថា៖ «លោក (Vladimir) Putin មានចេតនាជ្រើសរើសថ្ងៃបុណ្យណូអែល ដើម្បីវាយប្រហារ។ តើមានអ្វីដែលអាចជាអំពើអមនុស្សធម៌ជាងនេះទៀតនោះ? មីស៊ីលជាង ៧០គ្រាប់ ក្នុងនោះរួមទាំងមីស៊ីលបាលីស្ទិកផងដែរ និងយានដ្រូនជាង ១០០រយគ្រឿង បានបើកការវាយប្រហារ។ គោលដៅ គឺប្រព័ន្ធថាមពលរបស់យើង»។
គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារទ្រង់ទ្រាយធំលើកទី១៣ លើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ក្នុងឆ្នាំ២០២៤ ជាយុទ្ធនាការចុងក្រោយបង្អស់របស់រុស្ស៊ីដែលផ្តោតលើបណ្តាញអគ្គិសនី អំឡុងរដូវរងា។ លោក Zelensky បានបញ្ជាក់ថា កងកម្លាំងអាកាស បានបាញ់ទម្លាក់មីស៊ីលជាង ៥០គ្រាប់៕


