ស៊ីរ៉ែន បានបន្លឺឡើងនៅតំបន់ភាគកណ្តាលប្រទេសអ៊ីស្រាអែលនាព្រឹកថ្ងៃពុធនេះ ពេលដែលមីស៊ីលបាញ់ចេញពីប្រទេសយេម៉ែន ត្រូវបានបាញ់ស្កាត់ ។
ស៊ីរ៉ែន បានបន្លឺឡើងនៅវេលាម៉ោងប្រហេល ៤ និង ២០នាទីព្រឹកទាបភ្លឺថ្ងៃពុធ ។ រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពីទីក្រុងតែល អាវីវ ឃើញកាំជ្រួចផ្លោងហោះរំលងលើមេឃ បន្ទាប់មកឮសំឡេងផ្ទុះដ៏ខ្លាំងមួយ ។
យោធាអ៊ីស្រាអែល និយាយថា មីស៊ីលត្រូវបានបាញ់ស្កាត់ មុនពេលវាចូលដល់ទឹកដីអ៊ីស្រាអែល ។
គួរឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូទីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានបាញ់យានដ្រូន និងមីស៊ីលឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលច្រើនលើក ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដែលរងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើទឹកដីអ៊ីស្រាអែល ៕

