ដើមណូអែលដែលត្រូវបានដំឡើងនៅប៉ុស្តិ៍បញ្ជាការ គឺជាការរំឭកតែមួយគត់ដល់វិស្សមកាលរដូវរងាសម្រាប់ទាហានអ៊ុយក្រែន ដែលឈរជើងនៅជិតទីក្រុងខ្សែត្រៀមមុខ Vovchansk ស្ថិតក្នុងតំបន់ Kharkiv របស់អ៊ុយក្រែន ។
សម្រាប់ទាហានជាច្រើន វាគឺជាបុណ្យណូអែលទី ៣របស់ពួកគេនៅឆ្ងាយពីផ្ទះ និងក្រុមគ្រួសាររបស់ពួកគេ ពួកគេនិយាយថា ពួកគេគ្មានអារម្មណ៍រៀបចំពិធីបុណ្យណូអែលនោះទេកាលពីល្ងាចថ្ងៃអង្គារ ។ ពួកគេនៅតែបន្តការងារប្រយុទ្ធរបស់ពួកគេ ជាមួយនឹងការផ្លោងគ្រាប់កាំភ្លើងត្បាល់ឆ្ពោះទៅកាន់ទីតាំងរបស់រុស្ស៊ី ។
កាលពីមុន គ្រិស្តសាសនិកអ៊ុយក្រែនភាគច្រើន ប្រារព្ធបុណ្យណូអែលនៅដើមខែមករា ។ ចាប់តាំងពីឆ្នាំ ២០២៤មក ពិធីបុណ្យមួយនេះ ត្រូវបានប្រារព្ធជាផ្លូវការវិញនៅថ្ងៃទី ២៥ ខែធ្នូ ពេលដែលព្រះវិហារអូហ្សូដក់សំខាន់របស់អ៊ុយក្រែន បំបែកខ្លួនពីទីក្រុងម៉ូស្គូ ហើយនិងងាកមកលោកខាងលិចវិញ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា នៅថ្ងៃពុធនេះ រុស្ស៊ី បានវាយប្រហារលើប្រព័ន្ធថាមពលអ៊ុយក្រែន និងទីក្រុងជាច្រើនទៀត ដោយប្រើប្រាស់មីស៊ីលតម្រង់គោលដៅ និងមីស៊ីលបាលីស្ទិក បន្ថែមពីលើការវាយប្រហារយានដ្រូនអមនុស្ស ៕


