និស្សិតសាកលវិទ្យាល័យរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងបែលក្រាដ (Belgrade) នៅថ្ងៃពុធ (ទី២៥ ខែធ្នូ) នេះ ដើម្បីតវ៉ាចំពោះគោលនយោបាយរបស់ប្រធានាធិបតី លោក Aleksandar Vucic និងគណបក្សកំពុងកាន់អំណាចរបស់លោក គឺបក្ស Serbian Progressive Party (SNS) ដែលពួកគេបានស្តីបន្ទោសថា បានធ្វើឲ្យមានមហន្តរាយផ្លូវដែក កាលពីខែមុន ជាហេតុការណ៍ដែលបានសម្លាប់មនុស្ស ១៥នាក់។
គួររំលឹកថា សំយាបស៊ីម៉ង់តិ៍នៃដំបូលស្ថានីយរថភ្លើងដែលទើបជួសជុលហើយថ្មីៗ ក្នុងទីក្រុង Novi Sad ភាគខាងជើង បានបាក់ កាលពីថ្ងៃទី១ ខែវិច្ឆិកា ដោយបានបណ្ដាលឲ្យមានអ្នកស្លាប់ ១៤នាក់ និងរបួស ៣នាក់។ ក្រោយមក អ្នករបួសម្នាក់ ក៏បានបាត់បង់ជីវិតដែរ។

និស្សិតពីសាកលវិទ្យាល័យនានា ក្នុងទីក្រុងបែលក្រាដ និងទូទាំងប្រទេសស៊ែប៊ី បាននាំគ្នាតវ៉ា ចាប់តាំងពីពេលនោះមក ដោយទាមទារឲ្យមានការបញ្ចេញឯកសារពាក់ព័ន្ធនឹងការជួសជុលស្ថានីយ៍នេះ និងការកាត់ទោសអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះមហន្តរាយនេះ។
បន្ទាប់ពីបានឈរយ៉ាងស្ងៀមស្ងាត់រយៈពេល ១៥នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុ នៅទីក្រុង Novi Sad ពួកនិស្សិតបាននាំគ្នាដើរដង្ហែទៅកាន់ទីស្នាក់ការកណ្តាលរបស់រដ្ឋ ក្នុងទីក្រុងបែលក្រាដ ដើម្បីប្រគល់លិខិតតវ៉ាដូចគ្នាចំនួន ១.០០០ច្បាប់ទៅកាន់ការិយាល័យរបស់ លោកស្រី Zagorka Dolovac ដែលជាប្រមុខរដ្ឋអាជ្ញា។
គណបក្សប្រឆាំង និងក្រុមពលរដ្ឋ ក៏បានធ្វើបាតុកម្មតវ៉ាដែរ ដោយបានបន្ទោសឧបទ្ទវហេតុ នៅទីក្រុង Novi Sad នោះថា មកពីការសាងសង់សំណង់មិនរឹងមាំ ដែលបណ្តាលមកពីអំពើពុករលួយ និងបក្ខពួកនិយម។ រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចបដិសេធការលើកឡើងនេះ ហើយលោក Vucic បាននិយាយថា អ្នកទទួលខុសត្រូវចំពោះការបាក់ដំបូលនេះ ត្រូវតែទទួលខុសត្រូវ៕
