ភ្នំពេញ ៖ ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចូលរួមអនុវត្តបានល្អប្រសើរ ក្នុងការស្គែន QR Code ក៏ដូចជាបង្ហាញនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ នៅពេលចូលទៅក្នុងទីផ្សារណាមួយ ខណៈវិស័យនានានៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលបើកដំណើរការឡើងវិញ ។
លោក ឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង លើកឡើងថា បន្ទាប់ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកដំណើរការប្រទេសឡើងវិញ សកម្មភាពការលក់ដូរក្នុងផ្សារបឹងកេងកង មានការអួរអរច្រើន ហើយអតិថិជនកើនឡើងជាងមុន បើធៀបនឹងអំឡុងនៃការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ។
លោក បន្តថា ទន្ទឹមនឹងការកើនឡើងនៃចំនួនអ្នកចូលទិញក្នុងផ្សារនេះ គណៈកម្មការផ្សារ បានរៀបចំដាក់ឧបករណ៍វាស់កំដៅ ការស្គែន QR Code និងពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ហើយអ្នកចូលផ្សារ ក៏បានចូលរួមសហការបានល្អ ។
សម្រាប់ប្រជាពលរដ្ឋ លើកឡើងថា ការដាក់ឧបករណ៍ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងការពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ចំពោះអ្នកចូលផ្សារនេះ គឺជាសកម្មភាពល្អ ព្រោះវាអាចនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជាបន្ថែមទៀត បើទោះបីមានការចាក់វ៉ាក់សាំងគ្រប់ចំនួនដូសហើយនោះ ។
កាលពីពេលថ្មីៗនេះ ប្រព័ន្ធ QR Code Stop Covid របស់កម្ពុជា ឈ្នះពាននវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ១៩ ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចសហការភាគខាងត្បូង (UNOSSC) ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើវិស័យទូរគមនាគមន៍ និងឌីជីថល ៕
អត្ថបទ ៖ បាន សុខរិទ្ធិ


