ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែល បានស្តីបន្ទោសគ្នាទៅវិញទៅមកកាលពីថ្ងៃពុធ២៥ធ្នូ ចំពោះការបរាជ័យការបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ ទោះមានការរីកចម្រើនត្រូវបានរាយការណ៍ដោយភាគីទាំងពីរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកក៏ដោយ។

ក្រុមហាម៉ាសបាននិយាយថា អ៊ីស្រាអែលបានដាក់លក្ខខណ្ឌថ្មី ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ក្រុមនេះពីបទដើរថយក្រោយលើការយោគយល់គ្នាដែលបានឈានដល់រួចទៅហើយ។

ហាម៉ាសបាននិយាយថា អ៊ីស្រាអែល បានកំណត់លក្ខខណ្ឌថ្មីទាក់ទងនឹងការដកកងទ័ព ឈប់បាញ់ការដោះដូរអ្នកទោស និងការវិលត្រឡប់មកវិញនៃជនភៀសខ្លួន ដែលបានពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងដែលអាចកើតឡើងបាន។
ក្រុមនេះបានបន្ថែមថា ខ្លួនកំពុងបង្ហាញភាពបត់បែនហើយថាការចរចាដែលសម្របសម្រួលដោយកាតានិងអេហ្ស៊ីបគឺមានភាពហ្មត់ចត់។

លោក Netanyahu បានប្រឆាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការភេរវករហាម៉ាសនៅតែបន្តនិយាយកុហក កំពុងច្រានចោលនូវការយោគយល់ដែលបានឈានដល់រួចហើយនិងកំពុងបន្តបង្កើតការឧបសគ្គរារាំងការចរចា។
លោកបានបន្ថែមថា ទោះយ៉ាងណា អ៊ីស្រាអែលនឹងបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីនាំចំណាប់ខ្មាំងមកវិញ។
ការិយាល័យរបស់លោក Netanyahu បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកចរចាអ៊ីស្រាអែលបានវិលត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែលពីប្រទេសកាតាវិញកាលពីល្ងាចថ្ងៃអង្គារដើម្បីដកឃ្លាពិភាក្សា កិច្ចព្រមព្រៀងចំណាប់ខ្មាំងបន្ទាប់ពីកិច្ចចរចាដ៏សំខាន់រយៈពេលមួយសប្តាហ៍៕