ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ ។
- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានលើកទឹកចិត្តឱ្យមានការរក្សាទុកទិន្នន័យវិភាគ និងចែករម្លែកស្នាដៃ នៃការស្រាវជ្រាវពីប្រធានបទអ្វីមួយរបស់និស្សិតឱ្យបានទូលំទូលាយ ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ ខណៈសូម្បីស្នាដៃស្រាវជ្រាវថ្នាក់បណ្ឌិតរបស់សម្ដេចផ្ទាល់ក៏បានចែករំលែកជាសាធារណៈឱ្យស្វែងយល់ដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ណែនាំយុវជនចេញឱ្យឆ្ងាយអំពីក្រុមដែលមានគំនិតញុះញង់បំបែកបំបាក់ជាតិ ហើយបែរមកខិតខំសិក្សារៀនសូត្រ ដើម្បីខ្លាយជាធនធានល្អក្នុងការកសាងជាតិ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រដ្ឋាភិបាលមិនតបត ឆ្លើយឆ្លងលើហ្វេសប៊ុក មិនមែនរដ្ឋាភិបាលមិនគិតគូរលើរឿងជាតិ និងបូរណភាពទឹកដីនោះទេ ប៉ុន្ដែរដ្ឋាភិបាលកំពុងធ្វើរាល់ថ្ងៃ លើកិច្ចការងារកសាងជាតិ និងបូរណភាពទឹកដីនេះ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ករណីក្មេងទំនើងក្រោយការបង្ក្រាបបានស្ងាត់មួយរយៈ ពេលនេះហាក់បីដូចជាស្រើបឡើងវិញ ខណៈបច្ចុប្បន្នមានក្មេងទំនើងជាង ២ ពាន់នាក់កំពុងជាប់ឃុំ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី ខេត្តសូមកុំបន្ធូរដៃចំពោះករណីក្មេងទំនើងនេះ នៅតាមមូលដ្ឋាន ហើយត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បើច្បាប់ដាក់ទោសទណ្ឌចំពោះករណីក្មេងទំនើងនេះបើនៅមានទោសទណ្ឌស្រាលពេក ក្រសួងយុត្តិធម៌គួរធ្វើវិសោធនកម្មបន្ថែមទោសទណ្ឌលើករណីនេះ។












