ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃពុធ (២៥ ធ្នូ) ថា លោកបានស្នើឱ្យក្រសួងការពារជាតិ បន្តបង្កើនការបញ្ជូនសព្វាវុធរបស់ខ្លួនទៅកាន់ទីក្រុងគីវ បន្ទាប់ពីថ្កោលទោសការវាយប្រហារនៅថ្ងៃបុណ្យណូអែល របស់រុស្ស៊ី ប្រឆាំងនឹងទីក្រុងមួយចំនួន និងប្រព័ន្ធថាមពលរបស់អ៊ុយក្រែន។

លោក Biden បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គោលបំណងនៃការវាយប្រហារដ៏គួរឱ្យខឹងសម្បារនេះ គឺដើម្បីកាត់ផ្តាច់លទ្ធភាពប្រើប្រាស់ឧបករណ៍កម្ដៅ និងអគ្គិសនីរបស់ប្រជាជនក្នុងអំឡុងរដូវរងាដ៏ត្រជាក់ និងដើម្បីបំផ្លាញដល់សុវត្ថិភាពនៃបណ្តាញអគ្គិសនីអ៊ុយក្រែន"។

ទីក្រុងគីវ និយាយថា រុស្ស៊ីបានវាយប្រហារប្រព័ន្ធថាមពលរបស់ខ្លួន និងទីក្រុងមួយចំនួន ជាមួយនឹងមីស៊ីលកំណត់គោលដៅ និងមីស៊ីលបាលីស្ទិក បូករួមនឹងយានដ្រូនកាលពីថ្ងៃពុធ។

ការសន្យាបន្តជំនួយនេះកើតឡើងស្របពេលដែលលោក Biden ជិតចាកចេញពីតំណែងសេតវិមាន ហើយប្រធានាធិបតីជាប់ឆ្នោតរបស់បក្សសាធារណរដ្ឋ លោក Donald Trump នឹងឡើងតំណែងបន្តនៅថ្ងៃទី២០ ខែមករា ដោយលោក Trump តែងរិះគន់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់អាមេរិក សម្រាប់ទីក្រុងគីវ។ ចាប់តាំងពីប្រតិបត្តិការពិសេសទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២មក ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយចំនួន ១៧៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន៕