អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បានព្រមានពី "ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ" ដល់សន្តិសុខ បន្ទាប់ពីគណបក្សប្រឆាំង បានអនុម័តច្បាប់ដែលនឹងតម្រូវឱ្យកាត់បន្ថយការចំណាយលើវិស័យការពារជាតិចំនួន ៨០ពាន់លានដុល្លារតៃវ៉ាន់ (២,៤៥ ពាន់លានដុល្លារ) នៅពេលដែលកោះនេះកំពុងប្រឈមនឹងការគំរាមកំហែងខាងយោធារបស់ប្រទេសចិន។

បណ្ដាគណបក្សប្រឆាំងរបស់តៃវ៉ាន់ ដែលមានឡេងភាគច្រើននៅក្នុងសភា កាលពីសប្តាហ៍មុន បានអនុម័តច្បាប់ផ្លាស់ប្តូរការចំណាយចាប់ពីរដ្ឋាភិបាលកណ្តាល ទៅដល់តំបន់នានារបស់ខ្លួន ក្នុងជំហានមួយដែលមានការជំទាស់យ៉ាងខ្លាំងដោយគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច និងបាតុកររាប់ពាន់នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ អាជ្ញាធរការពារជាតិបាននិយាយថា ខ្លួនប្រហែលជាត្រូវកាត់បន្ថយផែនការថវិកាការពារជាតិរបស់ខ្លួនចំនួន ២៨% សម្រាប់ឆ្នាំក្រោយ ដែលស្មើនឹងប្រហែល ៨០ពាន់លានដុល្លារតៃវ៉ាន់ ដើម្បីបំពេញតម្រូវការថវិកាថ្មី ហើយជំហាននេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការកសាង និងត្រៀមប្រយុទ្ធរបស់កងកម្លាំងយោធា។

ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធយោធារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបញ្ជាក់ការអះអាងសិទ្ធិទាំងនោះ ដែលទីក្រុងតៃប៉ិ បដិសេធយ៉ាងខ្លាំង៕