អាជ្ញាធរនៅក្នុងតំបន់ ក្រាស្នូដា (Krasnodar) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ (២៥ ធ្នូ) បានប្រកាសស្ថានភាពអាសន្នទូទាំងតំបន់ ដោយនិយាយថា ប្រេងនៅតែបន្តហូរហៀរនៅលើឆ្នេរសមុទ្ររយៈពេល ១០ថ្ងៃ បន្ទាប់ពីនាវាដឹកប្រេងចំណាស់ ២គ្រឿង បានជួបបញ្ហានៅសមុទ្រខ្មៅ។

ប្រេងទាំងនោះធ្លាយចេញពីនាវាដឹកប្រេង ដែលរងការវាយប្រហារដោយព្យុះកាលពីថ្ងៃទី១៥ ខែធ្នូ។ នាវាមួយក្នុងចំណោមនោះបានបាក់ពាក់កណ្តាល ចំណែកនាវាមួយទៀតបានកឿង។

កង្វក់ទឹកសមុទ្រដោយការលេចធ្លាយប្រេង ដែលបានគ្របដណ្ដប់លើឆ្នេរខ្សាច់ទាំងនៅក្នុង និងជុំវិញស្រុក អាណាប៉ា (Anapa) ដែលជារមណីយដ្ឋានរដូវក្តៅដ៏ពេញនិយមនេះ បានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរដល់សត្វសមុទ្រ និងភាវៈមានជីវិតទាំងអស់ ហើយមនុស្សជាង ១០.០០០នាក់ បានព្យាយាមសម្អាតឡើងវិញ។

លោក វេនៀមីន កូនដ្រាទៀវ (Veniamin Kondratiev) អភិបាលនៃតំបន់ Krasnodar លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានសម្រេចចិត្តប្រកាសគ្រាអាសន្នទូទាំងតំបន់ ដោយសារតែប្រេងនៅតែបន្តបំពុលឆ្នេរសមុទ្រនៅក្នុងស្រុក Anapa និង តេមឺយ៉ុក (Temryuk)៕