អាមេរិក៖ យ៉ាងហោចណាស់មនុស្ស ៧នាក់ស្លាប់ និង ២២នាក់រងរបួសក្នុងទីក្រុង Houston ក្នុងការបាញ់ប្រហារដាច់ដោយឡែកពីគ្នាអំឡុងពេលបុណ្យ Halloween កាលពីចុងសប្ដាហ៍។ កាលពីយប់ថ្ងៃសុក្រស្ត្រីម្នាក់ស្លាប់ និងមនុស្ស ៥នាក់រួមទាំងកុមារអាយុ ១៧ឆ្នាំបានរងរបួសក្នុងការបាញ់ប្រហារនៅតំបន់ទីក្រុង Houston។

នៅព្រឹកថ្ងៃសៅរ៍ ស្ត្រីម្នាក់ទៀតត្រូវបានបាញ់នៅជិតសាលគណបក្សនៅតំបន់ Harris និងបុរសម្នាក់ត្រូវបានបាញ់អំឡុងចោរកម្មមួយ។ កាលពីយប់ថ្ងៃអាទិត្យ បុរសម្នាក់ទៀតត្រូវបានបាញ់សម្លាប់នៅខាងក្រៅផ្ទះនៅទីក្រុង Houston ដែលអ្នកបាញ់ប្រហារមិនទាន់ចាប់ខ្លួនបាននៅឡើយ។ ក្នុងហេតុការណ៍នេះបុរសវ័យជំទង់ម្នាក់បានរងរបួស។ កាលពីព្រឹកថ្ងៃអាទិត្យ ស្ត្រីអាយុ ១៨ឆ្នាំម្នាក់ទៀតត្រូវបានបាញ់សម្លាប់អំឡុងពិធីជប់លៀងបុណ្យ Halloween នៅខាងជើងទីក្រុង Houston។ ជាសរុបការបាញ់ប្រហារកើតឡើងតាំងពីថ្ងៃសុក្រសប្ដាហ៍មុនបណ្ដាលឲ្យមនុស្ស ៧នាក់ស្លាប់ និង ២២នាក់រងរបួស។

ជាមួយគ្នានេះដែរអាជ្ញាធរនិយាយថា មនុស្ស ២នាក់បានស្លាប់ និងមនុស្សជាច្រើននាក់រងរបួសក្នុងការបាញ់ប្រហារក្នុងពិធីជប់លៀងបុណ្យ Halloween ក្នុងទីក្រុង Chicago។ អាជ្ញាធរនិយាយថា អង្គភាពល្បាតបានលឺការបាញ់កាំភ្លើងច្រើនគ្រាប់ ខណៈមនុស្សជាង ១០០នាក់បានគេចខ្លួនពីកន្លែងកើតហេតុ។ អ្នករងរបួសច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ពិធីជប់លៀងបុណ្យ Halloween បានធ្វើឡើងនៅលំនៅដ្ឋាន ហើយការបាញ់ប្រហារបានកើតឡើងនៅទីនោះ៕
អត្ថបទ៖ ប៊ុនថន