ប្រទេសជប៉ុនបានបញ្ជាក់កាលពីថ្ងៃពុធសប្ដាហ៍នេះថា កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន នៅក្នុងទីក្រុងប៉េកាំង បានត្រួសត្រាយផ្លូវសម្រាប់ជប៉ុនទទួលស្វាគមន៍ប្រធានកិច្ចការបរទេសរបស់ចិន នៅឆ្នាំក្រោយ និងកិច្ចព្រមព្រៀងទៅវិញទៅមក ដើម្បីរៀបចំកិច្ចពិភាក្សាសន្ដីពីក្ដីកង្វល់ផ្នែកសន្តិសុខ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

ពុំមានព័ត៌មានលម្អិតទេ ថាជំនួបទាំងនោះនឹងកើតឡើងនៅពេលណា ប៉ុន្តែប្រមុខការទូតជប៉ុន លោក តាកេហ្ស៊ី អ៊ីវ៉ាយ៉ា(Takeshi Iwaya) បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបរបស់លោកនិងទទួលទានអាហារការងារជាមួយសមភាគីចិន លោក Wang Yi ថា ភាគីទាំង២បានព្រមព្រៀងលើការពិភាក្សាកម្រិតខ្ពស់ដែលនៅតែបន្ត រួមទាំងការសន្ទនាស្ដីពីសេដ្ឋកិច្ចអំឡុងទស្សនកិច្ចដែលនឹងធ្វើឡើងនៅឆ្នាំ២០២៥ខាងមុខ។

ដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃនេះគឺជាដំណើរលើកដំបូងរបស់លោក អ៊ីវ៉ាយ៉ា ទៅកាន់ប្រទេសចិន ចាប់តាំងពីក្លាយជាប្រមុខការបរទេសជប៉ុនកាលពីខែតុលា ដើម្បីពិភាក្សាបញ្ហារសើបៗជាច្រើន ជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសលោក។
ជំនួបនេះបានកើតឡើង ក្រោយកិច្ចព្រមព្រៀងរវាងមេដឹកនាំនៃប្រទេសទាំង២ដើម្បីធ្វើការឆ្ពោះទៅរកទំនាក់ទំនងជាយុទ្ធសាស្ត្រដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ទំនាក់ទំនងរវាងប្រទេសជិតខាង ដែលជាដៃគូពាណិជ្ជកម្មទំនាក់ទំនងសេដ្ឋកិច្ចនិងការវិនិយោគដ៏ស្និទ្ធស្នាល ប៉ុន្តែជាគូរប្រជែងផ្នែកសន្តិសុខ និងជម្លោះដែនទឹក ផងដែរនោះ កំពុងប្រឈមភាពស្មុគស្មាញលើការមិនចុះសម្រុងគ្នាខាងភូមិសាស្ត្រនយោបាយ និងបញ្ហាដែនសមុទ្រដ៏រសើបជាប្រវត្តិសាស្ត្រជាយូរមកហើយ៕