រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីកូរ៉េខាងត្បូង លោក Cho Tae-yeol កាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ក្រុងប៉េកាំងបានសន្យាបន្តលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យផ្សេងៗ ជាមួយទីក្រុងសេអ៊ូល ទោះមានភាពចលាចលនយោបាយបច្ចុប្បន្នក៏ដោយ។

ការហៅទូរសព្ទរយៈពេល៣០នាទី គឺជាកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីដែលត្រូវបានគេដឹងជាសាធារណៈលើកដំបូងរវាងទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល បន្ទាប់ពីប្រធានាធិបតីលោក Yoon Suk-yeol បានដាក់ច្បាប់អាជ្ញាសឹកកាលពីដើមខែនេះ ដែលជាវិបត្តិនៅតែបន្តធ្វើឱ្យនយោបាយកូរ៉េខាងត្បូងធ្លាក់ក្នុងអស្ថិរភាពដល់បច្ចុប្បន្ននេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ចិនឲ្យដឹងថា ប្រទេសចិនបានកត់សម្គាល់ពីការផ្លាស់ប្តូរថ្មីៗនៃស្ថានភាពក្នុងស្រុកនៅកូរ៉េខាងត្បូង ។ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយជឿជាក់ថាប្រជាជនកូរ៉េខាងត្បូងមានប្រាជ្ញា និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាក្នុងស្រុកបានត្រឹមត្រូវ ។

ប្រទេសចិនក៏មានឆន្ទៈបន្តការសន្ទនា និងយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយភាពរលូនលើវិស័យផ្សេងៗ ការពង្រឹងទំនាក់ទំនងគ្រប់កម្រិតរវាងប្រជាជននិងប្រជាជន ការយោគជ័យគ្នាទៅវិញទៅមក និងភាពជឿជាក់ជាមួយកូរ៉េខាងត្បូង ផងដែរ៕