អង្គការមិនមែនរដ្ឋាភិបាលមួយ បាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់៥៦នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសម៉ូហ្សំប៊ិក ចាប់តាំងពីថ្ងៃច័ន្ទមក ខណៈមន្រ្តីនគរបាល និងក្រុមបាតុករ បានប៉ះទង្គិចគ្នានៅក្នុងរលកនៃភាពវឹកវរ ជុំវិញការបោះឆ្នោតប្រធានាធិបតី ដែលក្រុមបាតុករ អះអាងថាត្រូវបានបន្លំដោយគណបក្សកំពុងកាន់អំណាច។

អង្គការ Plataforma Decide ជាក្រុមឃ្លាំមើលសង្គមស៊ីវិល ដែលកំពុងតាមដានឧប្បត្តិហេតុទាក់ទងនឹងការបោះឆ្នោត បាននិយាយថាអ្នកស្លាប់បានកើតឡើងនៅទូទាំងខេត្តចំនួនប្រាំពីរ នៃប្រទេសអាហ្វ្រិកខាងត្បូង មួយនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Pascoal Ronda បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា មន្ត្រីនគរបាលពីរនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយអាជ្ញាធរបានធ្វើការចាប់ខ្លួនមនុស្សរាប់សិបនាក់ពាក់ព័ន្ធនឹងអំពើហិង្សានេះ។

អង្គការ Plataforma Decide បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស១០២នាក់ ត្រូវបានឃុំខ្លួន។
ភាពវឹកវរផ្នែកនយោបាយ កើតឡើងខណៈប្រទេសនេះកំពុងធ្វើការដើម្បីស្តារឡើងវិញពីព្យុះស៊ីក្លូន ឈីដូ(Chido)។
យោងតាមវិទ្យាស្ថានជាតិសម្រាប់គ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅប្រទេសម៉ូហ្សំប៊ិក ដោយសារព្យុះនេះបានកើនឡើងដល់១២០នាក់ ចាប់តាំងពីព្យុះនេះបានវាយបោកបក់ដល់ដីគោក កាលពីជាងមួយសប្តាហ៍មុន។