ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ បានចោទប្រកាន់សម្ព័ន្ធយោធាណាតូ ថា បានព្យាយាមប្រែក្លាយប្រទេសម៉ុលដាវី ឲ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដើម្បីផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន និងកំពុងព្យាយាមនាំយកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន ឱ្យខិតចូលកាន់តែជិត ប្រទេសរុស្ស៊ី។

លោកស្រី Maria Zakharova អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី បានធ្វើការចោទប្រកាន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដែលក្នុងអំឡុងពេលនោះលោកស្រី បាននិយាយថា ប្រជាជនភាគច្រើនរបស់ប្រទេសម៉ុលដាវី មិនចង់ចូលរួមជាមួយសម្ព័ន្ធភាពយោធា នេះទេ។

លោកស្រី បានលើកឡើងពីអ្វីដែលលោកស្រី បាននិយាយថា ជាការផ្ទេរសព្វាវុធដ៏ធំ ទៅកាន់ប្រទេសម៉ុលដាវី ក្នុងប៉ុន្មានខែថ្មីៗនេះ ហើយជាអ្វីដែលលោកស្រីអះអាងថា គឺជាទស្សនៈគាំទ្រលោកខាងលិចរបស់លោកស្រី Maia Sandu ប្រធានាធិបតីប្រទេសម៉ុលដាវី។