ឆ្មាំល្បាតឆ្នេរប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ បានជួយសង្គ្រោះជនអន្តោប្រវេសន៍រាប់សិបនាក់ នៅកោះកាណារី។
យ៉ាងហោចណាស់ទូកឈើចំនួន៥ បានស្ថិតនៅលើសមុទ្រ មានចម្ងាយត្រឹមតែពីរឬបីម៉ាយស៍ ប៉ុណ្ណោះ ពីឆ្នេរសមុទ្រនៃប្រជុំកោះរបស់ប្រទេសអេស្ប៉ាញ។

ឆ្មាំល្បាតឆ្នេរ បានឈរការពារនៅកំពង់ផែ Arguineguin នៅកោះ Gran Canaria ជាកន្លែងដែលមានទូកឈើមួយគ្រឿងមានផ្ទុកបុរស៦០នាក់ និងស្ត្រី៤នាក់។
អង្គភាពសេវាសង្គ្រោះ បាននិយាយថា ទូកឈើចំនួន៣គ្រឿងទៀត មានទីតាំងនៅជិតកោះ El Hierro និងមួយគ្រឿងទៀត ដឹកជនអន្តោប្រវេសន៍ជាង៤០នាក់ នៅជិតកោះ Tenerife ។

ទិន្នន័យមកពីទីភ្នាក់ងារព្រំដែនអឺរ៉ុប Frontex បង្ហាញថាប្រជុំកោះ Canary បានចុះបញ្ជីការកើនឡើងលឿនបំផុតនៃការមកដល់របស់ជនអន្តោប្រវេសន៍តាមសមុទ្រនៅក្នុងសហភាពអឺរ៉ុប ក្នុងឆ្នាំនេះ។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ពួកគេបានទទួលជនអន្តោប្រវេសន៍សរុបចំនួន ៤៣.៧៣៧នាក់ ដែលកើនឡើង ១៨.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសអេស្ប៉ាញ។