កំពង់ឆ្នាំង៖ ប្រជានុរាស្ត្រជាច្រើនគ្រួសារនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជួបការលំបាកក្នុងការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ បានសប្បាយចិត្ត និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះមហាក្សត្រនៃកម្ពុជា ដែលបានព្រះរាជទាន ព្រះរាជសមិទ្ធផល ដ៏ឧត្តុង្គឧត្តមជាអណ្តូងទឹកស្អាតចំនួន ៣២អណ្តូង ដល់ប្រជានុរាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ប្រជានុរាស្ត្រជាច្រើនគ្រួសារនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានថ្លែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជទាន ព្រះរាជសមិទ្ធផល ដ៏ឧត្តុង្គឧត្តមខាងលើនេះ។ ការប្រោសព្រះរាជទានអណ្តូងទឹកស្អាតដោយប្រើម៉ូទ័រ ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងមូលដ្ឋាននេះបានធ្វើឲ្យបងប្អូនប្រជារាស្រ្ត មានសេចក្តីសប្បាយត្រេកអរជាពន់ពេក ព្រោះថានៅក្នុងមូលដ្ឋាននេះកន្លងមកខ្វះប្រភពទឹកសម្រាប់ប្រើប្រាស់។ ការប្រោសព្រះរាជទានព្រះរាជអំណាយដ៏ថ្លៃថ្លាជាអណ្តូងទឹកស្អាតទាំង៣២កន្លែងនេះ បានធ្វើឲ្យបងប្អូនប្រជារាស្រ្តនៅក្នុងមូលដ្ឋាន មានលក្ខណៈងាយស្រួល ដោយចំណេញពេលវេលាក្នុងដឹកជញ្ជូនយកទឹកពីទីធ្ងាយ ជាពិសេសទៅទៀតការទទួលបានព្រះរាជអំណាយ ជាអណ្តូងទឹកដ៏វិសេសវិសាលនេះ បានធ្វើឲ្យបងប្អូនមានទឹកគ្រប់គ្រាន់សម្រាប់ទទួលទានប្រកបដោយសុខភាព ការប្រើប្រាស់បម្រើការងារផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឲ្យបងប្អូនមានលទ្ធភាពស្រោចស្រពភោគផលដំណាំគ្រប់ប្រភេទ បានយ៉ាងងាយស្រួលទៀតផង។
យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ បានអញ្ជើញពិនិត្យសកម្មភាពការងារ របស់មន្ត្រី បុគ្គលិក នៃក្រុមការងារសម្តេចឪ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មមមាញឹកបំផុត លើការកសាងព្រះរាជសមិទ្ធផលជាអណ្តូងទឹក ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានជូនប្រជារាស្រ្តជា បងប្អូនកូនចៅ របស់ព្រះអង្គ រស់នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនាពេលនេះ៕ កាំង ហុងវាស្នា