ប្រភពពីមន្ត្រីតៃវ៉ាន់ ជាច្រើនបាននិយាយថា ការិយាល័យមេដឹកនាំកោះតៃវ៉ាន់ បានធ្វើការហ្វឹកហ្វឺនលើកដំបូងរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមក ដោយហាត់សមត្រៀមលក្ខណៈក្នុងករណីមានការប្រឈមមុខផ្នែកយោធាជាមួយប្រទេសចិន នៅពេលដែលកោះនេះកំពុងទប់ទល់នឹងការគំរាមកំហែងផ្នែកយោធាជាថ្មីរបស់ទីក្រុងប៉េកាំង។

ប្រភពនិយាយថា ភ្នាក់ងាររដ្ឋាភិបាលកណ្តាល និងមូលដ្ឋានជាច្រើន ព្រមទាំងក្រុមស៊ីវិល បានចូលរួមក្នុងការហ្វឹកហ្វឺនរយៈពេល ៣ម៉ោងនៅថ្ងៃព្រហស្បតិ៍ (២៦ ធ្នូ) នេះ។

ប្រទេសចិន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនសម្ពាធផ្នែកយោធា រួមទាំងការប្រមូលផ្តុំកងកម្លាំងទ័ពជើងទឹកដ៏ច្រើនក្នុងខែនេះ និងសកម្មភាពយោធាប្រចាំថ្ងៃនៅជិតកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន។
មន្ត្រីសន្តិសុខម្នាក់និយាយថា លំហាត់សមនេះបានក្លែងធ្វើសេណារីយ៉ូតានតឹងជាច្រើន រួមទាំងសង្គ្រាមតំបន់ប្រផេះរបស់ចិន ក៏ដូចជានៅពេលដែលកោះនេះ "ជិតឈានដល់ជម្លោះ" ដើម្បីសាកល្បងការត្រៀមខ្លួនឆ្លើយតបដោយការិយាល័យរដ្ឋាភិបាលតៃវ៉ាន់ និងក្រុមសង្គមស៊ីវិល៕
