អង់គ្លេស៖ ក្រុមសកម្មជនបានជួបជុំគ្នានៅខាងក្រៅសារមន្ទីរ Kelvingrove ក្នុងទីក្រុង Glasgow នៃដែនដីស្កុតឡិនរបស់អង់គ្លេសកាលពីល្ងាចថ្ងៃចន្ទ ជាកន្លែងដែលមេដឹកនាំពិភពលោកកំពុងចូលរួមពិធីទទួលស្វាគមន៍ ជាមួយសមាជិកនៃរាជវង្សអង់គ្លេស។

ដោយកាន់បដាដែលសរសេរថា "យើងកំពុងមើលអ្នក" និង "មិនមានភព B" ទេ សកម្មជនទំនងជាព្យាយាមដាក់សម្ពាធដើម្បីទទួលបានការសន្យាដ៏មុតមាំ សម្រាប់សកម្មភាពបម្រែបម្រួលអាកាសធាតុ។ មេដឹកនាំ និងរាជវង្សត្រូវបានប្រមូលផ្តុំគ្នានៅទីក្រុង Glasgow សម្រាប់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលដំណើរការរយៈពេលពីរសប្ដាហ៍បន្ទាប់ ពោលគឺចាប់ពីថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ សន្និសីទនេះមានគោលបំណងដើម្បីឱ្យរដ្ឋាភិបាលនានា ប្ដេជ្ញាទប់ស្កាត់ការបំភាយកាបូនឱ្យបានលឿនគ្រប់គ្រាន់ ដើម្បីទប់ការឡើងកំដៅផែនដីដល់ ១.៥អង្សាសេ ឬស្មើ (២.៧អង្សាហ្វារិនហៃ) លើសពីកម្រិតមុនការធ្វើឧស្សាហកម្ម។
ចំណែកក្រុមអ្នកធ្វើយុទ្ធនាការរបស់អង្គការអន្តរជាតិ Oxfam បានរៀបចំការតវ៉ាមួយដោយការពាក់មុខជារូបតំណាងមេដឹកនាំពិភពលោក កំពុងលេងនៅក្នុងក្រុមតន្ត្រីបែបប្រពៃណីរបស់ស្កុតឡិន នៅជិតកិច្ចប្រជុំកំពូលស្ដីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ ឬ ហៅកាត់ថា COP26 ក្នុងទីក្រុង Glasgow កាលពីថ្ងៃចន្ទ។ រូបថ្លុករបស់មេដឹកនាំ រួមទាំងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel, ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានស្លៀកពាក់ជាក្រុមតន្ត្រីវាយស្គរ និងឧបករណ៍ផ្លុំ៕
អត្ថបទ៖ សុខមាន