យោងតាមអាជ្ញាធរប៉ាឡេស្ទីន និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា អ្នកសារព័ត៌មាន ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ជុំវិញមន្ទីរពេទ្យមួយ នៅភាគ កណ្តាលតំបន់ហ្កាហ្សា។
អ្នកសារព័ត៌មាន Al Jazeera លោក Anas al-Sharif បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា អ្នកកាសែតមកពីទូរទស្សន៍ Al-Quds Today កំពុងរាយការណ៍អំពីព្រឹត្តិការណ៍ នៅជិតមន្ទីរពេទ្យ al-Awda ដែលមានទីតាំង នៅក្នុងជំរំជនភៀសខ្លួន Nuseirat នៅពេលដែលរថយន្តផ្សាយរបស់ពួកគេ ត្រូវរងការ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
វីដេអូពីកន្លែងកើតហេតុដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម បង្ហាញថា រថយន្តមួយគ្រឿង បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ។
រូបថតពីកញ្ចក់អេក្រង់(screenshot) ដែលបានថតចេញពីវីដេអូនៃរថយន្តពណ៌សនោះ បង្ហាញពាក្យថា «PRESS »ដែលសរសរអក្សរក្រហមធំៗ នៅខាងក្រោយរថយន្ត។
អ្នកកាសែត ដែលបានស្លាប់នោះ មានឈ្មោះ Fadi Hassouna, Ibrahim al-Sheikh Ali, Mohammed al-Ladah, Faisal Abu al-Qumsan និង Ayman al-Jadi។
អ្នកកាសែត Al Jazeera លោក Anas al-Sharif បាននិយាយថា Ayman al-Jadi បានរង់ចាំប្រពន្ធរបស់គាត់ នៅមុខមន្ទីរពេទ្យ ខណៈពេលដែលអ្នកស្រី កំពុងសម្រាលកូនដំបូងរបស់ពួកគេ។