ភ្នំពេញ ៖ នៅថ្ងៃនេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយសំឡេង គាំទ្រ៥៧ លើ៥៧សំឡេង ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (១) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ ដូចជាប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗទាំង ៤របស់ជាតិ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងកាលពីខែមុន និងត្រូវបានរដ្ឋសភា អនុម័តយល់ព្រម កាល ពណីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកំពូល៤រូបនេះ មិនមែនសម្រាប់ តែជំនាន់នេះឡើយ ពោលគឺសម្រាប់អនាគតប្រទេសជាតិទៅគ្រប់ជំនាន់៕
អត្ថបទ ៖ បាន ចក់




