រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បានប្រាប់ទូរទស្សន៍ Rossiya-1 TV ថា ការបន្តវាយប្រហាររបស់ទីក្រុងគៀវ លើទឹកដីរុស្ស៊ី នឹងប្រឈមមុខនឹងការឆ្លើយតបកាន់តែខ្លាំងឡើងៗ។
លោក ឡាវរ៉ូវ បាននិយាយថា៖«ចំពោះការវាយប្រហារភេរវកម្មដែលកំពុងបន្តដោយរបបទីក្រុងគីវ ទៅលើទីតាំងជនស៊ីវិល ដូចជាអគារលំនៅឋាន មន្ទីរពេទ្យ គ្លីនិក ហាង និងកន្លែងប្រមូលផ្តុំសាធារណៈ នេះគឺពិតជាមិនអាចទទួលយកជាដាច់ខាត។ ទង្វើទាំងនេះ គឺជាការរំលោភដោយផ្ទាល់លើអនុសញ្ញាប្រឆាំងភេរវកម្ម និងសេចក្តីសម្រេចបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រមុខការទូតរុស្ស៊ីរូបនេះ បានបញ្ជាក់ថា៖«យើងកំពុងព្រមានយ៉ាងម៉ឺងម៉ាត់ថា ការបន្តសកម្មភាពបែបនេះ នឹងបង្កឲ្យមានប្រតិកម្មកាន់តែខ្លាំង និងមិនប្រែប្រួលជាលំដាប់រាល់ពេល»។
លោក ឡាវរ៉ូវ បានសម្តែងការខកចិត្តថា ស្ទើរតែគ្មានប្រទេសលោកខាងលិចណា បានចូលរួមក្នុងការថ្កោលទោសរបស់រុស្ស៊ី ចំពោះការវាយប្រហារទាំងនេះ រួមទាំងមេដឹកនាំនៃអង្គការអន្តរជាតិដូចជា UN អង្គការសម្រាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ( OSCE) ឬ UNESCO ផងដែរ។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងផ្សព្វផ្សាយជាប្រចាំនូវភ័ស្តុតាង រួមទាំងវីដេអូដែលបង្ហាញពីកងកម្លាំងរបស់ខ្លួន ដែលកំពុងបំផ្លាញគ្រឿងយុទ្ធោបករណ៍ ដែលទាក់ទងដោយផ្ទាល់ទៅនឹងការរៀបចំ និងប្រតិបត្តិប្រតិបត្តិការយោធាអ៊ុយក្រែន។ លោកបានសន្និដ្ឋានថា៖«និយាយតាមត្រង់ទៅ ដូចដែលខ្ញុំបានយល់ហើយ ទោះបីជាខ្ញុំមិនមែនជាអ្នកជំនាញខាងយោធាក៏ដោយ ការខូចខាត បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ទីក្រុងគីវ មិនត្រឹមតែជាការសងសឹកចំពោះការវាយប្រហារភេរវកម្មទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែជារួមក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គឺពិតជាសំខាន់ណាស់»។