រដ្ឋអាជ្ញាកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី ២៦ ខែធ្នូនេះ បានចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ ជាអ្នកដឹកនាំគណបក្សប្រឆាំងមួយ ដោយការទទួលយកសំណូកចំនួន ៥២២.៣៩២ដុល្លារអាមេរិក ជុំវិញការអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅក្នុងរដ្ឋធានី និងការប្រើប្រាស់មិនត្រឹមត្រូវប្រាក់បរិច្ចាគខាងនយោបាយ។
លោក Ko Wen-je កាន់តំណែងជាអភិបាលក្រុង ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ និងបានជាប់ចំណាត់ថ្នាក់ទី៣ ក្នុងការបោះឆ្នោតមេដឹកនាំកាលពីខែមករា ត្រូវបាននាំទៅកាន់ការិយាល័យរដ្ឋអាជ្ញាទីក្រុងតៃប៉ិ រួមជាមួយជនសង្ស័យមួយចំនួនផ្សេងទៀត ហើយត្រូវបានអមចូលទៅក្នុងអគារ ដោយមន្ត្រីនគរបាលមួយក្រុម។
លោក Ko កាលពីពេលមុន ធ្លាប់បានបដិសេធថាពុំបានធ្វើខុស ក្នុងសំណុំរឿងអចលនទ្រព្យ ពាក់ព័ន្ធទៅនឹងការអនុម័ត ដែលបានផ្តល់ឱ្យសម្រាប់គម្រោងមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង នៅពេលលោកកាន់តំណែងជាអភិបាលក្រុង។
គណបក្សប្រជាជនតៃវ៉ាន់ (TPP) ដែលត្រូវបានបង្កើតឡើងដោយលោក Ko ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ លោក Ko និងសមាជិកគណបក្សប្រជាជនតៃវ៉ាន់ (TPP) មួយចំនួនទៀត ក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់មិនត្រឹមត្រូវប្រាក់បរិច្ចាកខាងនយោបាយ របស់គណបក្ស រួមទាំងការកិបកេងប្រាក់បរិច្ចាគជាង៦៨លានដុល្លារ។