ក្រុមហ៊ុនរដ្ឋរុស្ស៊ីដែលជាម្ចាស់នាវា កាលពីថ្ងៃពុធ (ទី២៥ ខែធ្នូ) បានអះអាងថា «អំពើភេរវកម្ម» បានធ្វើឲ្យនាវាដឹកទំនិញលិចក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រមេឌីទែរ៉ាណេ នាសប្តាហ៍នេះ។
ក្រុមហ៊ុន Oboronlogistika បានប្រាប់ថា ខ្លួន «យល់ថា ការដាក់គោលវាយប្រហាររបស់ភេរវករ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លើនាវា Ursa Major»។ ក្រុមហ៊ុននេះបានលើកឡើងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដោយមិនបានបញ្ជាក់ថា អ្នកណាជាអ្នកនៅពីក្រោយសកម្មភាពនេះ ឬមូលហេតុអ្វីនោះទេ។
គួរបញ្ជាក់ថា នាវានោះ បានលិចក្នុងដែនទឹកអន្តរជាតិ នៅម្ដុំឆ្នេររបស់ប្រទេសអេស្ប៉ាញ កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែធ្នូ បន្ទាប់ពីបានបញ្ជូនសញ្ញារកជំនួយ កាលពីថ្ងៃទី២៣ ខែធ្នូ។ ក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមថា «ការផ្ទុះ ៣ដងជាប់ៗគ្នា» បានកើតឡើងលើនាវានោះ ហើយបន្ទាប់មកនាវានោះចាប់ផ្តើមមានទឹកជ្រាបចូលយ៉ាងពោរពាស។
តែយ៉ាងណាក្ដី ក្រុមហ៊ុន Oboronlogistika មិនបាននិយាយនោះឡើយថា តើមានភស្តុតាងអ្វីដែលអនុញ្ញាតឲ្យខ្លួនសន្និដ្ឋានថា នោះគឺជាការវាយប្រហារភេរវកម្មដែលបានធ្វើឲ្យលិចនាវា Ursa Major៕