បាល់ទាត់៖ ក្រោយចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងពេញ ១រដូវកាល ខ្សែបម្រើ ឈិន ឈឿន បានសម្ដែងការសោកស្ដាយជាខ្លាំង ដែលមិនអាចជួយក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជាបាន។ ប៉ុន្តែក៏មានរឿងមួយ ដែលធ្វើឲ្យអតីតកីឡាករជម្រើសជាតិរូបនេះសប្បាយចិត្តដែរ នោះគឺសន្ទុះរីកចម្រើននៃលីគកំពូលកម្ពុជា។
ថ្លែងប្រាប់ក្រុមការងារ BTV-News កាលពីថ្មីៗ អតីតសមាជិកក្រុមកងយោធពលខេមរភូមិន្ទបន្ដថា អ្វីដែលធ្វើឲ្យក្រុមខ្លួនសោកស្ដាយគឺឱកាសលើកពាន ៩៩.៩% ទៅហើយតែត្រូវបាត់បង់ទៅវិញ បន្ទាប់ពីបឹងកេតរកគ្រាប់តាមស្មើភ្នំពេញក្រោននៅវិនាទីចុងក្រោយ។
យ៉ាងណាមិញ ឈិន ឈឿន បានទទួលស្គាល់ឆ្នាំនេះ លីគកំពូលកម្ពុជាមានការប្រកួតប្រជែងខ្លាំង និងមានភាពរីកចម្រើនជាងឆ្នាំមុនៗ។ គួរដឹងថា ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង និងក្រុមជើងឯកបឹងកេតគឺរកបាន ៤១ពិន្ទុស្មើគ្នាក្នុងក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០២០ តែដោយសារផ្អែកលើរូបមន្ដ Head to Head បឹងកេតធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀង ៤–២ ក្រៅដី ទើបធ្វើឲ្យក្រុមលោក Conor Nestor របូតឱកាសការពារតំណែងជើងឯកលីគកំពូលកម្ពុជាតែម្ដង៕
អត្ថបទ៖ លី ឈុនឡា
