ភ្នំពេញ ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានថ្លែងថា ការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋឆ្នាំនេះកើនឡើង ដោយសារការរីករាលដាលជំងឺកូវីដ១៩ កាន់តែធូរស្រាលជាងមុន។
ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម. ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានមានប្រសាសន៍ ក្នុងដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះដំណើរការទៅល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ចូលរួមចុះឈ្មោះពីប្រជាពលរដ្ឋជាបន្តបន្ទាប់ និងភាគីពាក់ព័ន្ធ។ ក្នុងនោះ ឯកឧត្តម ហង្ស ពុទ្ធា បន្តថា តាមការប៉ាន់ស្មានបណ្តោះអាសន្នចំនួនអ្នកចុះឈ្មោះបោះឆ្នោតតាមបណ្តាឃុំ-សង្កាត់ មានការកើនឡើងជាង៩លាននាក់ ស្មើនឹង៨៦ភាគរយ ខណៈការកើនឡើងនេះ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩មានភាពធូរស្រាលជាងមុន។
ជាមួយគ្នានោះ ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងទៀតថា ការកើនឡើងចំនួនអ្នកចុះឈ្មោះបោះឆ្នោតឆ្លុះបញ្ចាំងអំពីការបំពេញតួនាទីក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុងប្រទេសនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
បន្ថែមលើសពីនេះ ឯកឧត្តម ហង្ស ពុទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលមានរយៈពេល៥០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមរបាយការណ៍តាមរបាយការណ៍របស់ គ.ជ.ប គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ២៣១,៩៦៨ នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១១៨,៣១៣នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៧៧,៤៧០នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៦៩,៣២៥នាក់៕
អត្ថបទ ៖ សេក ឧត្តម