នគរបាល កាលពីថ្ងៃពុធ (ទី២៥ ខែធ្នូ) បាននិយាយថា មនុស្សចំនួន ៧នាក់ បានរងរបួសនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងថ្ងៃបុណ្យណូអែល នៅពេលដែលរថយន្តតាក់ស៊ី ១គ្រឿង បានហោះផុតចិញ្ចើមផ្លូវ ហើយបានទៅបុកអ្នកថ្មើរជើង នៅខាងក្រៅហាងទំនិញ Macy’s បន្ទាប់ពីអ្នកបើកបរបានកើតមានបញ្ហាសុខភាពភា្លមៗ។
ឧបទ្ទវហេតុនើ បានកើតឡើងនៅសង្កាត់ Midtown Manhattan ក្បែរហាងទំនិញដ៏ល្បីឈ្មោះ Macy’s នៅផ្លូវប្រសព្វពាណិជ្ជកម្ម Herald Square។ នគរបាលបានបន្ថែមថា ក្រៅពីអ្នកបើកតាក់ស៊ីវ័យ ៥៨ឆ្នាំ អ្នករងរបួស រួមមានក្មេងប្រុសអាយុ ៨ឆ្នាំ ស្ត្រី ២នាក់អាយុ ៤៩ឆ្នាំ និងស្ត្រី ៣នាក់ផ្សេងទៀត អាយុ ១៩ឆ្នាំ ៣៧ឆ្នាំ និង ៤១ឆ្នាំ។
នគរបាលបាននិយាយថា ស្ត្រីវ័យ ៤៩ឆ្នាំម្នាក់ដែលមានរបួសជើង ក្មេងប្រុសអាយុ៩ឆ្នាំដែលរងរបួសរលាត់ស្បែក និងស្ត្រីអាយុ ៤១ឆ្នាំដែលរងរបួសក្បាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ហើយបើយោងតាមនគរបាលដដែល បានឲ្យដឹងទៀតថា អ្នកថ្មើរជើង ៣នាក់ផ្សេងទៀត បានបដិសេធការព្យាបាលខាងវេជ្ជសាស្ត្រ ដោយបញ្ជាក់បន្ថែមថា របួសទាំងអស់មិនគំរាមកំហែងដល់អាយុជីវិតឡើយ។
រូបភាពនៅលើបណ្ដាញសារព័ត៌មាននៃតាក់ស៊ីនោះ បានបង្ហាញពីរថយន្តដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានបំណែកបាក់បែក និងស្នាកកំពិតលើតួរថយន្តនោះ៕