រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ប្រទេសទួរគីនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលរដ្ឋបាលជិតចាកចេញពីអំណាចរបស់លោកប្រធានាធិបតី Joe Biden ជំរុញឲ្យមានការផ្ទេរអំណាចសមូហភាពនៅក្នុងប្រទេសជិតខាងស៊ីរី បន្ទាប់ពីការផ្តួលរំលំលោក Bashar al-Assad ។
មុនពេលចុះចតនៅប្រទេសទួរគី លោក Blinken បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្សកដានី និងបានជួបជាមួយព្រះមហាក្សត្រ Abdullah ។ គេរំពឹងថា លោកនឹងជួបជាមួយប្រធានាធិបតីទួរគីលោក President Erdogan ។
លោក Blinken ស្ថិតក្នុងតំបន់ ដើម្បីស្វែងរកការគាំទ្រ និងបង្កើតវិធីសាស្រ្តបង្រួបបង្រួមសម្រាប់គោលការណ៍ដែលទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថានឹងនាំទៅរកការផ្ទេរអំណាចនយោបាយ នៅក្នុងប្រទេសស៊ីរី ។
ខណៈពេលនោះដែរ លោក Erdogan បាននិយាយថា ក្រុមសកម្មប្រយុទ្ធឃើដ នៅក្នុងប្រទេសស៊ីរី នឹងត្រូវជ្រើសរើស រវាងការយល់ព្រមទម្លាក់អាវុធចុះ ឬការត្រូវបានកម្ចាត់ចោលតែម្ដង ចំពេលមានអរិភាព រវាងយុទ្ធជនស៊ីរីគាំទ្រដោយទួរគី និងពួកសកម្មប្រយុទ្ធ ចាប់តាំងពីការដួលរលំនៃរបបរបស់លោក Assad ក្នុងខែនេះ។
ទួរគីចាត់ទុកកងជីវពលឃើដ YPG ដែលជាសមាសភាគដ៏សំខាន់នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)មានសម្ព័ន្ធមិត្តជាមួយអាមេរិកនោះថា ជាអង្គភាពមានសម្ព័ន្ធដ៏ជិតស្និទ្ធជាមួយកងជីវពលមិនស្របច្បាប់ (PKK) ដែលបានបះបោរប្រឆាំងនឹងរដ្ឋទួរគី ចាប់តាំងពីឆ្នាំ១៩៨៤ រហូតមក ៕