នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន បានជំរុញឲ្យហ្វីលីពីនវិលត្រឡប់ទៅរកការអភិឌ្ឍន៍ដោយសន្តិភាពវិញ ដោយពួកគេនិយាយថា ការសម្រេចចិត្តរបស់ទីក្រុងម៉ានីល ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមសហរដ្ឋអាមេរិកនៅក្នុងសមយុទ្ធយោធា មានតែនាំហានិភ័យដល់ការប្រកួតប្រជែងអាវុធនៅក្នុងតំបន់ប៉ុណ្ណោះ ។
ប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិក ដែលបំពាក់មីស៊ីលតម្រង់គោលដៅ អាចវាយប្រហារគោលដៅរបស់ចិននោះ ត្រូវបាននាំយកមកសម្រាប់សមយុទ្ធយោធារួមគ្នាកាលពីដើមឆ្នាំនេះ ។
កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បាននិយាយថា ការអភិវឌ្ឍន៍របស់ខ្លួន គឺជារឿងត្រឹមត្រូវ ។
អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្នសីទសារព័ត៌មានថា ចិននឹងមិនមិនឈរឱបដៃមើលផលប្រយោជន៍សន្តិសុខខ្លួនឯង ស្ថិតក្នុងគ្រោះថ្នាក់ ឬរងការគំរាមកំហែងនោះឡើយ ។
អ្នកស្រីថា ភាគីហ្វីលីពីន ធ្លាប់និយាយជាសាធារណៈថា ប្រព័ន្ធមីស៊ីល Typhon ប្រើប្រាស់សម្រាប់តែសមយុទ្ធតាមទម្លាប់ប៉ុណ្ណោះ និងសន្យាថាដកចេញវិញនៅពេលបញ្ចប់សមយុទ្ធក្នុងខែកញ្ញា ឆ្នាំនេះ ប៉ុន្តែក្រោយមកបែរជាពួកគេផ្លាស់ប្តូរសេចក្តីថ្លែងការណ៍របស់ខ្លួនទៅវិញ ដោយនិយាយថា ពួកគេសង្ឃឹមថា នឹងដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhonជាអចិន្រ្តៃយ៍ ហើយពួកគេថែមទាំងត្រៀមខ្លួនទិញប្រព័ន្ធមីស៊ីលមួយនេះទៀត ។
អ្នកស្រីបន្តថា នេះគឺជាករណីធម្មតានៃការលេបសម្តី និងក្បត់ពាក្យសន្យា ។ បច្ចុប្បន្នតើអ្នកណាជាអ្នកនៅបន្តបង្ករឿងក្នុងសមុទ្រចិនខាងត្បូង ហើយអ្នកណាដែលនៅតែសហប្រតិបត្តិការជាមួយកម្លាំងក្រៅទឹកដី ក្នុងការបង្ហាញកម្លាំងរបស់ពួកគេនោះ? ហើយអ្នកណាដែលកំពុងបំពានច្បាប់ក្រោមបដាច្បាប់អន្តរជាតិនោះ? ប្រទេសក្នុងតំបន់អាចមើលឃើញករណីមួយនេះច្បាស់ហើយ ៕