រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) បាននិយាយថា ប្រទេសរុស្ស៊ីមិនឃើញពីហេតុផលក្នុងការមានបទឈប់បាញ់ដ៏ទន់ខ្សោយ ដើម្បីបញ្ឈប់សង្រ្គាម នៅប្រទេសអ៊ុយក្រែននោះឡើយ ប៉ុន្តែទីក្រុងមូស្គូចង់បានកិច្ចព្រមព្រៀងភ្ជាប់ចំណងផ្លូវច្បាប់ ដើម្បីឲ្យមានសន្តិភាពយូរអង្វែង ដែលនឹងធានាបាននូវសន្តិសុខទាំងនៅរុស្ស៊ី និងប្រទេសជិតខាង។
លោក Lavrov បាននិយាយថា «បទឈប់បាញ់ គឺមិនមែនកើតឡើងរយៈពេលខ្លីនោះឡើយ» ដោយលោកបន្ថែមថា ទីក្រុងមូស្គូ បានសង្ស័យថា បទឈប់បាញ់ដ៏ទន់ខ្សោយបែបនេះ នឹងត្រឹមតែត្រូវបានប្រើដោយលោកខាងលិច ដើម្បីផ្តល់អាវុធដល់អ៊ុយក្រែនឡើងវិញប៉ុណ្ណោះ។
លោក Lavrov បានបញ្ជាក់ថា៖ «យើងត្រូវការកិច្ចព្រមព្រៀងផ្លូវច្បាប់ចុងក្រោយ ដែលនឹងសម្របសម្រួលលក្ខខណ្ឌទាំងអស់ ដើម្បីធានាសន្តិសុខរបស់សហព័ន្ធរុស្ស៊ី ហើយជាការពិតណាស់ ដើម្បីផលប្រយោជន៍សន្តិសុខស្របច្បាប់របស់ប្រទេសជិតខាងយើង»។
លោកបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូចង់បានឯកសារផ្លូវច្បាប់ដែលបានព្រាងឡើងក្នុងរបៀបមួយ ដែលធានាថា «ការរំលោភបំពានលើកិច្ចព្រមព្រៀងទាំងនេះមិនអាចកើតឡើងជាដាច់ខាត»។
គួររំលឹកថា កាលពីខែមុន ទីភា្នក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បើកចំហ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ នៅអ៊ុយក្រែន ជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ប៉ុន្តែបដិសេធមិនធ្វើសម្បទានដែនដីសំខាន់ៗណាមួយឡើយ ហើយទទូចថា ទីក្រុងគីវ ត្រូវបោះបង់ចោលមហិច្ឆតាចូលរួមជាមួយអង្គការណាតូ៕