សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួនបានបំផ្លាញផែនការជាច្រើនរបស់សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ដែលមានបំណងសម្លាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងក្រុមគ្រួសាររបស់ពួកគេ នៅទីក្រុងមូស្គូ ដោយប្រើគ្រាប់បែកក្លែងបន្លំជា Power Bank ឬសឺមីដាក់ឯកសារ។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែធ្នូ សេវាស៊ើបការណ៍សម្ងាត់ SBU របស់អ៊ុយក្រែន បានសម្លាប់លោកឧត្តមសេនីយ៍ឯក Igor Kirillov ប្រធានកងការពារនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមីរបស់រុស្ស៊ី ក្នុងទីក្រុងមូស្គូ នៅខាងក្រៅអគារផ្ទះល្វែងរបស់លោក ដោយការបំផ្ទុះគ្រាប់បែកដែលភ្ជាប់នឹងម៉ូតូស្កូទ័រ។
ហើយប្រភពពី SBU បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ រុស្ស៊ីបាននិយាយថា ការសម្លាប់នេះ គឺជាការវាយប្រហារភេរវកម្មដោយអ៊ុយក្រែន ដែលខ្លួនបានធ្វើសង្គ្រាមជាមួយ តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ហើយបានប្តេជ្ញាសងសឹក។
FSB បានឲ្យដឹងថា៖ «សេវាសន្តិសុខសហព័ន្ធនៃសហព័ន្ធរុស្ស៊ី បានរារាំងការប៉ុនប៉ងធ្វើឃាតជាបន្តបន្ទាប់លើបុគ្គលិកយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិ»។ ហើយស្ថាប័ននេះបានបញ្ជាក់អះអាងបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ពលរដ្ឋរុស្ស៊ី ៤នាក់ដែលពាក់ព័ន្ធនឹងការរៀបចំការវាយប្រហារទាំងនេះ ត្រូវបានចាប់ឃុំខ្លួន»។
ភ្លាមៗនេះ SBU របស់អ៊ុយក្រែន មិនទាន់បានឆ្លើយតបនៅឡើយទេ ចំពោះសំណើរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដើម្បីសុំការធ្វើអត្ថាធិប្បាយ៕