ភ្នំពេញ ៖ វិស័យឯកជន ថ្លែងនូវការសាទរ និងរីករាយបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេស ជាពិសេសធ្វើឲ្យអាជីវកម្ម និងអាជីវករគ្រប់វិស័យ រួមជាមួយប្រជាពលរដ្ឋមានចំណូលឡើងវិញ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា បន្ទាប់ពីពិភពលោកផ្ទុះនៃការរីករាលដាលជំងឺកូវីដ ១៩ មក ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចបានខិតខំប្រឹងប្រែងនូវគ្រប់ឧបសគ្គ ប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ ជាពិសេសសម្តេចបានជម្រុញការចាក់វ៉ាក់បង្ការជម្ងឺកូវីដ ១៩ បានលើសផែនការរំពឹងទុក ពោលគឺរាជរដ្ឋាភិបាល បានគិតគូរយ៉ាងខ្លាំងដល់សុខុមាលភាព និងការរស់រាន្តរបស់ប្រជាពលរដ្ឋ។
លោកឧកញ៉ា ថ្លែងនូវការសាទរ និងសម្តែងនូវការរីករាយ ដោយលើកឡើងថា វិស័យឯកជនជាច្រើន បានកំពុងទន្ទឹងរង់ចាំ ជាពិសេសវិស័យឧស្សាហកម្ម អាជីវកម្ម រោងចក្រ សហគ្រាស និងអាជីវករនៅគ្រប់វិស័យ នឹងអាចបើកដំណើរការអាជីវកម្មឡើងវិញ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានចំណូលកាន់តែច្រើន នឹងជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញ ។
ចំណែក លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងតំណាងឲ្យសមាជិកសមាគមអ្នកផលិតចំណីអាហារទាំងអស់ ក៏បានថ្លែងនូវការសាទរយ៉ាងពេញទំហឹង ចំពោះការប្រកាសបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឲ្យវិស័យក្នុងស្រុកងើបឡើងវិញ ជាពិសេសវិស័យផលិតចំណីអាហារ។
សូមរំលឹកថា នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ០៦ឆ្នាំ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ ៥ ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងថ្មី ដោយអនុវត្ត ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។ ការប្រកាសបើកសង្គម-សេដ្ឋកិច្ចពេញលេញនេះ គឺបន្ទាប់ពីការអាក់ខានដោយសារការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ប្រមាណជិត ០២ឆ្នាំ ដែលជាការឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ សុន រ៉ាឌី
