ស្នងការសិទ្ធិកុមារសម្រាប់ប្រធានាធិបតីរុស្ស៊ី លោកស្រី Maria Lvova-Belova សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកកុមាររុស្ស៊ីពីប្រទេសស៊ីរី នឹងចាប់ផ្តើមឡើងវិញ នៅពេលដែលស្ថានភាព នៅក្នុងប្រទេសនេះ មានស្ថិរភាព។
កិច្ចខិតខំប្រឹងប្រែងនេះ បានចាប់ផ្តើម តាំងពីឆ្នាំ ២០១៨ ដោយកុមារជិត ៦០០នាក់ ត្រូវបាននាំយកពីជំរំជនភៀសខ្លួនស៊ីរី ទៅកាន់សាច់ញាតិរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី។
លោកស្រី Maria Lvova-Belova បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya-24 ថា៖« ជាការពិតណាស់ ស្ថានការណ៍នយោបាយឥឡូវនេះ មានការលំបាកខ្លាំងណាស់។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានផ្អាក ប៉ុន្តែយើងអាចជម្លៀសកុមារចំនួន ២៦នាក់បាន មួយរយៈមុននេះ។ ខ្ញុំសង្ឃឹមថា នៅពេលដែលស្ថានការណ៍មានស្ថិរភាព កិច្ចខិតខំប្រឹងប្រែង នឹងបន្តឡើងវិញ ។
រហូតមកដល់ពេលនេះ រុស្ស៊ីបានរៀបចំកញ្ចប់ឯកសារចាំបាច់ ដើម្បីជម្លៀសកុមារចំនួន ១១៩នាក់ ដែលទំនាក់ទំនងគ្រួសាររបស់ពួកគេ ជាមួយពលរដ្ឋរុស្ស៊ី ត្រូវបានផ្ទៀងផ្ទាត់ដោយការធ្វើតេស្តDNA ។

