ក្រុមចារកម្មកូរ៉េខាងត្បូង និយាយថា ទាហានកូរ៉េខាងជើងជាង ១០០នាក់ ត្រូវបានសម្លាប់ និងជាង ១ពាន់នាក់ បានរងរបួស ពីការធ្វើសង្រ្គាមជាមួយកងកម្លាំងរុស្ស៊ី នៅក្នុងការវាយលុករបស់ពួកគេនៅប្រទេសអ៊ុយក្រែន ។
កាសែត New York Times រាយការណ៍ថា សេវាកម្មចារកម្មជាតិកូរ៉េខាងត្បូង និយាយប្រាប់ក្រុមតំណាងរាស្រ្តនៅថ្ងៃព្រហស្បតិ៍នេះថា ការបាត់បង់ទាហាន បានកើតមានពីសង្រ្គាមលើកដំបូងរបស់ពួកគេឲ្យរុស្ស៊ី ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា លោក Lee Seong-kweun គឺជាតំណាងរាស្រ្តកូរ៉េខាងត្បូង បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានដែរថា មន្រ្តីថ្នាក់ឧត្តមសេនីយ៍ អាចស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ។
គួរឲ្យដឹងថា ទាហានកូរ៉េខាងជើង បានធ្វើដំណើរទៅដល់រុស្ស៊ីកាលពីខែតុលា ។ អ៊ុយក្រែន និយាយថា នៅខែបន្ទាប់ពួកគេបានវាយប្រហារកងកម្លាំងកូរ៉េខាងជើងជាលើកដំបូង ។ ចាប់តាំងពីពេលនោះមក ការបាត់បង់ទាហានកូរ៉េខាងជើង ចេះតែបន្តកើនឡើង ។
ដោយឡែក កាលពីថ្ងៃចន្ទកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ដោយផ្អែកលើការប៉ាន់ស្មានបឋម ទាហានកូរ៉េខាងជើងជាង ៣ពាន់នាក់ ត្រូវបានសម្លាប់ ឬរងរបួស នៅក្នុងតំបន់ Kursk របស់រុស្ស៊ី ៕

