នៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋរស់នៅក្នុងទីក្រុងដាម៉ាស់ បានអំពាវនាវឲ្យមានការបង្រួបបង្រួមជាតិ ក្រោយកើតមានភាពរំជើបរំជួលនៅទីក្រុង Homs និងទីក្រុង Tartous ហើយនិងការវាយប្រហារលើមន្រ្តីនគរបាល ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់ បានស្លាប់ និងរងរបួស ។
រដ្ឋបាលអន្តរកាលស៊ីរី បាននិយាយថា សមាជិកនគរបាល ១៤នាក់ ត្រូវបានសម្លាប់អំឡុងការពួនស្ទាក់វាយប្រហារដោយកងកម្លាំងមានភក្តីភាពចំពោះរដ្ឋាភិបាលត្រូវបានផ្តួលរំលំនៅតំបន់ជនបទ Tartous ស្របពេលបាតុកម្ម និងបំរាមគោចរពេលយប់នៅកន្លែងផ្សេងទៀត ធ្វើឲ្យកើតមានភាពរំជួបរំជួលខ្លាំង ចាប់តាំងពីការដកអំណាចរបស់លោក Bashar al-Assad កាលពីរយៈពេលជាង ២សប្តាហ៍មុន ។
រដ្ឋមន្រ្តីមហាផ្ទៃថ្មីស៊ីរី និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មន្រ្តីនគរបាល ១០នាក់ផ្សេងទៀត បានរងរបួសផងដែរ នៅក្នុងហេតុការណ៍វាយប្រហារដែលលោកចាត់ទុកថាជាក្រុមកាកសំណល់រដ្ឋាភិបាលលោក Assad នៅទីក្រុង Tartous ។
សារព័ត៌មានរដ្ឋ បានរាយការណ៍ថា នគរបាលស៊ីរី បានដាក់បំរាមគោចរនៅពេលយប់ក្នុងទីក្រុង Homs ផងដែរ ក្រោយភាពរំជើបរំជួលនៅទីនោះ ពាក់ព័ន្ធនឹងបាតុកម្មដែលអ្នកស្រុកនិយាយថា ដឹកនាំដោយសហគមន៍ជនជាតិភាគតិច Alawite និងសហគមន៍មូស្លីមនិកាយស៊ីអ៊ីត ។
ក្រុមអ្នកស្រុកមួយចំនួន និយាយថា បាតុកម្មនេះ មានការជាប់ពាក់ព័ន្ធនឹងសំពាធ ក៏ដូចជាអំពើហិង្សាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលមានគោលដៅលើសហគមន៍ជាតិភាគតិច Alawite គឺជានិកាយមួយដែលត្រូវបានគេមើលឃើញជាយូរមកហើយថាមានភក្តីភាពចំពោះលោក Assad ដែលត្រូវបានទម្លាក់ចេញពីអំណាចដោយក្រុមឧទ្ទាមអ៊ីស្លាមនិកាយស៊ុននី កាលពីថ្ងៃទី ៨ ខែធ្នូកន្លងទៅ ៕

